[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Suzuki បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Suzuki Fronx ប្រភេទ SUV ខ្នាតតូច រូបរាងថ្មីទាំងស្រុង ជាមួយលក្ខណៈបែបស្ព័រជាងមុនដោយទទួលយករចនាប័ទ្មពី Grand Vitara នៅក្នុងព្រឹត្តិការណ៍ Auto Expo 2023 ប្រទេសឥណ្ឌា។
សម្រាប់រថយន្ត Suzuki Fronx មានប្រវែងតួខ្លួនសរុប ៣ ៩៩៥ ម.ម ទទឹង ១ ៧៦៥ ម.ម កំពស់ ១ ៥៥០ ម.ម និងប្រវែងគន្លាតកង់មុខក្រោយ ២ ៥២០ ម.ម។ Suzuki Fronx លក្ខណៈស្ព័រជាងមុន ដោយផ្នែកខាងមុខមើលទៅស្រដៀងទៅនឹង Grand Vitara ដែលមានប៉ាណាតុបតែក្រូម៉េអូសកាត់ អបដោយចង្កៀង LED និងកាងការពាបែបអាលុយមីញ៉ូម ថាសកង់ស្ព័រទំហំ ១៧ អ៊ីញ។ នៅផ្នែកខាងក្រោយ កញ្ចក់ខាងក្រោយដែលមានកាង spoiler ពីលើ ចង្កៀងខាងក្រោយប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង និងកាងការពារប្រភេទអាលុយមីញ៉ូមទំហំធំ ។
រីឯនៅផ្នែកខាងក្នុងវិញ ផ្ទៃតាឡូតុបតែងជាពីរពណ៌ អេក្រង់កំសាន្ត touchscreen ទំហំ ៩ អ៊ីញ ភ្ជាប់ដោយ Apple CarPlay និង Android Auto ។ លក្ខណៈពិសេសផ្សេងទៀតរួមមាន អេក្រង់បង្ហាញលើកញ្ចក់ កាំមេរ៉ា ៣៦០ ដឺក្រេ កន្លែងសាកថ្មឥតខ្សែ ឧបករណ៍បំពងសំឡេងម៉ាក Arkamys រន្ធម៉ាស៊ីនត្រជាក់នៅកៅអីខាងក្រោយ ពោងសុវត្ថិភាពចំនួន ៦ ចំនុច និងមុខងារ array ភ្ជាប់លក្ខណៈពិសេសទៅនឹងរថយន្ត។
ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្ត Suzuki Fronx មានជម្រើសម៉ាស៊ីនចំនួន ២ សម្រាប់ជ្រើសរើសរួមមាន៖
- ម៉ាស៊ីនសាំងចំណុះ ១,០ លីត្រ turbocharged បំពាក់ដោយបច្ចេកវិទ្យា mild-hybrid technology ផលិតកម្លាំងបាន ៩៩ សេះ និងកម្លាំងរមួល ១៤៨ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៥ វគ្គ ឬប្រអប់លេខស្វ័យប្រវត្តិ ៦ វគ្គ ប៉ុងមុខ។
- ម៉ាស៊ីនសាំងចំណុះ ១,២ លីត្រ ដែលមានប្រព័ន្ធ start-stop អាចផលិតកម្លាំងបាន ៨៩ សេះ និងកម្លាំងរមួល ១១៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៥ វគ្គ ឬប្រអប់លេខស្វ័យប្រវត្តិ ៥ វគ្គ ប៉ុងមុខ។
ជាមួយគ្នានេះ ម៉ូដែលនេះបានបើកទទួលការកក់ហើយនៅក្នុងប្រទេសឥណ្ឌា ដោយការលក់ចាប់ផ្តើមនៅខែមេសា ឆ្នាំ ២០២៣។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន Suzuki បានបញ្ជាក់ថា Suzuki Fronx នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារក្រៅប្រទេសឥណ្ឌា រួមទាំងអាហ្វ្រិក និងអាមេរិកឡាទីនផងដែរ៕