ពោងសុវត្ថិភាព គឺជាពោងខ្យល់ការពារ ដោយវាផ្ទុះបំប៉ោងឡើងដោយស្វ័យប្រវត្តិ ប្រសិនបើមានហេតុការណ៍គ្រោះថ្នាក់ចរាចរកើតឡើង។ នៅពេលពោងបំប៉ោងឡើង វាជួយការពារអ្នកបើកបរ ខណៈមានការជល់ និងប៉ះទង្គិចគ្នា ដែលអាចកាត់បន្ថយគ្រោះថ្នាក់ធ្ងន់ធ្ងរឲ្យមកជាគ្រោះថ្នាក់ស្រាលវិញបាន។
ប្រព័ន្ធពោងសុវតិ្ថភាព ជាទូទៅសំដៅទៅលើប្រព័ន្ធពោង SRS។ រោងចក្រផលិតរថយន្តខ្លះ ប្រើពាក្យ ប្រព័ន្ធពោងជំនួយគំហាត់ដែលអាចបំប៉ោងឡើង (SIR) ឬ (AIR)។
សូមមើលពាក្យសរសេរកាត់ SRS, SIR និង AIR ឬពាក្យ Airbag នៅលើចង្កូតរថយន្ត ដើម្បីឱ្យដឹងថា រថយន្តបានបំពាក់ពោងសុវត្ថិភាពសម្រាប់អ្នកបើកបររថយន្ត។ អក្សរដូចគ្នាដែរ បានបង្ហាញនៅលើផ្ទៃតាប្លូរថយន្ត , នៅកន្លែងអង្គុយ , នៅផ្នែកការពារចំហៀង និងនៅកន្លែងផ្សេងៗ ប្រសិនបើរថយន្តបានបំពាក់ពោងសុវតិ្ថភាពសម្រាប់ការពារផ្សេងទៀត។ ចំនួនទីតាំងដែលត្រូវបំពាក់ពោងសុវត្ថិភាព អាស្រ័យលើម៉ូដែលរថយន្តដូចជា៖
- ពោងសុវត្ថិភាពអ្នកបើកបរ
- ពោងសុវត្ថិភាពអ្នកដំណើរ
- ពោងសុវត្ថិភាពចំហៀង
- ពោងសុវត្ថិភាពជង្គង់
- ពោងសុវត្ថិភាពវាំងនន
ដំណើរការពោងសុវត្ថិភាពមាន ៣ ដំណាក់កាល៖
- សេនស័រនៃការប៉ះទង្គិច យកបានព័ត៌មាននៃការប៉ះទង្គិច ហើយបញ្ជូនសញ្ញាទៅឱ្យម៉ូឌុលអេឡិចត្រូនិច (control unit)
- ម៉ូឌុលអេឡិចត្រូនិច យកសញ្ញារបស់សេនស័រ ហើយធ្វើការប្រៀបធៀបទិន្នន័យ ដែលបានផ្ទុកនៅក្នុងម៉ូឌុលអេឡិចត្រូនិច ប្រសិនបើសញ្ញារបស់សេនស័រ ទទួលស្គាល់ថាមានគ្រោះថ្នាក់ចរាចរកើតឡើង សញ្ញានោះត្រូវបានបញ្ជូនទៅពោងសុវត្ថិភាព
- ម៉ូទ័រអគ្គិសនី ទទួលសញ្ញានោះ ហើយធ្វើឱ្យពោងខ្យល់ផ្ទុះបំប៉ោងឡើងតែម្តង
ពោងសុវត្ថិភាពទាំងអស់ មិនមែនសុទ្ធតែផ្ទុះឡើងទេ នៅពេលមានគ្រោះថ្នាក់ចរាចរ។ ប្រសិនបើមានការប៉ះទង្គិចនៅផ្នែក តាមទិសដៅបណ្ដោយរថយន្ត នោះពោងសុវត្ថិភាពចំហៀង នឹងបំប៉ោងឡើងយ៉ាងលឿនបំផុត។
យ៉ាងណាក៏ដោយ យើងក៏អាចបិទប្រព័ន្ធពោងសុវត្ថិភាពអ្នកដំណើរផងដែរ ប៉ុន្តែស្ថិតក្នុងការណែនាំ និង កាលៈទេសៈ ដូចជា៖
- នៅពេលមានក្មេងតូចអង្គុយខាងមុខដោយប្រើកៅអីការពារក្មេង (baby seat)
- នៅពេលមានក្មេងកម្ពស់ទាបជាង ១,៤ ម៉ែត្រអង្គុយ
បញ្ជាក់៖ នៅត្រង់ចំណុចនេះ ប្រសិនបើអ្នកបើកបររថយន្ត មិនបានបិទប្រព័ន្ធពោងសុវត្ថិភាពផ្នែកអ្នកដំណើរ វានឹងបង្កើនគ្រោះថ្នាក់ដល់ក្មេងតូច ប្រសិនបើមានការប៉ះទង្គិចរថយន្តកើតឡើង៕