[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Suzuki បានបង្ហាញពីគម្រោងនៃការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីថ្មីចំនួន ៥ ម៉ូដែលនៅក្នុងទ្វីបអឺរ៉ុបនៅឆ្នាំ ២០៣០ ហើយមួយក្នុងចំណោមរថយន្តទាំងនោះ វាហាក់ដូចជារថយន្ត Suzuki Jimny ផងដែរ។
រថយន្តអគ្គិសនីថ្មីរបស់ក្រុមហ៊ុននឹងចេញលក់នៅឆ្នាំក្រោយ ប៉ុន្តែសម្រាប់រថយន្តអគ្គិសនី Suzuki Jimny EV នៅមិនទាន់បង្ហាញចេញនៅឆ្នាំក្រោយនេះទេ។ ម៉ូដែលអគ្គិសនីនៃ Suzuki Jimny EV យើងបានឃើញតែគំនូរព្រាងប៉ុណ្ណោះ ចំពោះការរចនាមាន ចង្កៀងមុខរាងជាម៉ូលចំនួន ៤ ប៉ាណាមុខដែលមានរូបរាងដូចទៅនឹង Jimny ម៉ូដែលបច្ចុប្បន្ន។
យោងតាមវិចិត្រករឌីជីថល Aryan Hosseinalipour បានបង្ហាញរូបភាពនៃការរចនា Suzuki Jimny EV ដោយរថយន្តនេះនឹងត្រូវបានអភិវឌ្ឍនៅលើគ្រោងឆ្អឹង skateboard chassis ដែលមានអាគុយលីចូម ផ្គួបនិងម៉ូទ័រអគ្គិសនីមួយគូសម្រាប់ e-AWD។
ជាមួយគ្នានេះ លោកបាននិយាយថា “រថយន្ត SUV អគ្គិសនីខ្នាតតូច ដែលមានសមត្ថភាពបើកបរលើផ្លូវលំបាក ឬ Off-Road ដ៏អស្ចារ្យសម្រាប់ការធ្វើដំណើរផ្សងព្រេងដោយមិនបញ្ចេញឧស្ម័នពុល ដែលមានប៉ាណាមុខរាងជ្រុង និងការរចនាម៉ូដកាងមុខដូចទៅនឹង Wrangler និងដំបូលបែប Panoramic moonroof ជាដើម។
គួរឲ្យដឹងថា Suzuki យកចិត្តទុកដាក់ចំពោះការផ្លាស់ប្តូរខ្សែសង្វាក់ផលិតកម្មរថយន្តអគ្គិសនី ដោយការសង្កត់ធ្ងន់លើភាពខ្លាំងនៅក្នុងក្រុមរថយន្តខ្នាតតូច រួមទាំងការអភិវឌ្ឍនៃកំណែអគ្គិសនីនៃ Suzuki Jimny ដែលវាគឺជារថយន្តអគ្គិសនីមួយក្នុងចំណោមរថយន្តទាំងប្រាំដែលពួកគេនឹងផលិតអគ្គិសនីសុទ្ធ ២០% និងកូនកាត់ Hybrid ៨០% នៅក្នុងប្រទេសជប៉ុន ខណៈនៅនៅឥណ្ឌានឹងទទួលបានអគ្គិសនី ១៥% , កូនកាត់ hybrid ២៥% និង ៦០% ជាម៉ាស៊ីនចំហេះក្នុង។
សម្រាប់ឆ្នាំ ២០៣០ ក្រុមហ៊ុន SUZUKI នឹងចូលរួមចំណែកក្នុងការកសាងសង្គមអព្យាក្រឹតកាបូន និងកំណើនសេដ្ឋកិច្ចនៃប្រទេសកំពុងរីកចម្រើនដូចជា ឥណ្ឌា អាស៊ាន និងអាហ្រ្វិក ដោយមានតំបន់ពាណិជ្ជកម្មសំខាន់ៗដូចជា ជប៉ុន ឥណ្ឌា និងអឺរ៉ុបជាដើម។