[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus បានធ្វើការដាក់បង្ហាញចេញរថយន្តអគ្គិសនី Lexus RZ 450e ស៊េរីឆ្នាំ ២០២៣ ដែលមាន ២ ម៉ូដែលសម្រាប់ជ្រើសរើសដូចជា Premium និង Luxury ជាមួយតម្លៃលក់ចាប់ពី ៥៩ ៦៥០ ដុល្លារ ដល់ ៦៥ ១៥០ ដុល្លារ នឹងមកដល់អាគារចែកចាយទីផ្សារសហរដ្ឋអាមេរិកចុងឆ្នាំនេះ។
Lexus RZ 450e premium បំពាក់នៅផ្នែកខាងមុខជាមួយប៉ាណាបិទជិតអបដោយចង្កៀងមុខប្រភេទ LED សេនស័រផ្លិតទឹក កញ្ចក់មើលក្រោយការពារចំណាំងផ្លាត ដំបូលកញ្ចក់បែប Panoramic ជាស្តង់ដារ ទ្វារក្រោយបើកបិទដោយថាមពលអគ្គិសនី និងថាសកង់ស្ព័រទំហំ ១៨ អ៊ីញតុបតែងជា ២ ពណ៌។
ចំពោះ នៅផ្នែកខាងក្នុងកាប៊ីន បំពាក់ដៃចង្កូតដែលមានកំដៅ កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត មកជាមួយប្រព័ន្ធ Lexus Interface ទំហំ ១៤ អ៊ីញ ភ្ជាប់ដោយ Apple CarPlay និង Android Auto ។ លើសពីនេះ ក៏បានបំពាក់កៅអីពូកស្បែកប្រភេទ NuLuxe និងអាចលៃតម្រូវតាមរយះថាមពលអគ្គិសនី ៨ របៀប និងមុខងារ កំដៅ/ត្រជាក់សម្រាប់ផ្នែកខាងមុខ កន្លែងសាកថ្មឥតខ្សែរ, ឧបករណ៍បំពងសំឡេង ១០ ចំនុច និងប្រព័ន្ធម៉ាស៊ីនត្រជាក់ ២ តំបន់។
ខណះម៉ូដែល Luxury មានភាពប្រណិតជាង ដោយសារម៉ូដែលនេះមានការកែលម្អផ្នែកខាងក្នុងជាមួយនឹងគ្រឿងតុបតែង Ultrasuede, Tsuyasumi trim និងប្រព័ន្ធភ្លើងលម្អ Multicolor, កៅអីអ្នកដំណើរខាងក្រោយដែលមានកំដៅ និងកញ្ចក់ acoustic glass និងថាសកង់ស្ព័រទំហំ ២០ អ៊ីញ ផងដែរ។ លើសពីនេះ ក៏បានបន្ថែមជាមួយអេក្រង់បង្ហាញលើកញ្ចក់ និងឧកបរណ៍បំពងសំឡេងម៉ាក Mark Levinson ១៣ ចំនុច។ មិនត្រឹមតែប៉ុណ្ណោះ Lexus ក៏បានផ្តល់ជូននៅប្រព័ន្ធជំនួយពេលចូលចតកម្រិតខ្ពស់ ប្រព័ន្ធជំនួយពេលជាប់ស្តុប និងបច្ចេកវិទ្យាសោឌីជីថលជាដើម។
ម៉ូដែលទាំង ២ នេះ ដំណើរការដោយម៉ូទ័រអគ្គិសនីភ្លោះ ផ្គួបជាមួយអាគុយទំហំ ៧១,៤ គីឡូវ៉ាត់ម៉ោង មានកម្លាំង ៣១៣ សេះ បើកបរបានចម្ងាយប្រហែល ៣១៥ គីឡូម៉ែត្រក្នុងការសាកថ្មម្តងសម្រាប់ម៉ូដែល Luxury និង ៣៥៤ គីឡូម៉ែត្រក្នុងការសាកថ្មម្តងសម្រាប់ម៉ូដែល premium អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រ/ម៉ោង រយះពេល ៥ វិនាទី ប្រភេទបើកបរប៉ុង២ ៕