Suzuki Swace ឆ្នាំ ២០២៣ មុខមាត់ថ្មី និងទទួលបានការអាប់ដេតម៉ាស៊ីនកូនកាត់ Hybrid ខ្លាំងជាងមុន

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Suzuki បានធ្វើការដាក់បងបង្ហាញចេញនៅរថយន្ត Suzuki Swace ស៊េរីឆ្នាំ​ ២០២៣ ជាមួយការកែមុខមាត់ថ្មី កម្លាំងម៉ាស៊ីន hybrid ខ្លាំងជាងមុន និងបន្ថែមបច្ចេកវិទ្យានៅផ្នែកខាងក្នុងច្រើនជាងមុន។

ដោយចាប់ផ្តើមជាមួយនឹងការផ្លាស់ប្តូរដ៏សំខាន់បំផុត គឺម៉ាស៊ីនកូនកាត់ hybrid ចំណុះ ១,៨ លីត្រ ដែលសាកដោយខ្លួនឯង ផលិតកម្លាំងបាន ១៣៨​ សេះ ខ្លាំងជាងមុន ១៨ សេះ ភ្ជាប់ដោយប្រអប់លេខ eCVT អាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៩,៤ វិនាទី ខណៈដែលល្បឿនអតិបរម៉ា ១៨០ គីឡូម៉ែត្រ/ម៉ោង ប្រភេទបើកបរប៉ុង ១។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្នែក​ខាង​ក្រៅ​របស់ Suzuki Swace បើប្រៀបធៀបពីម៉ូដែលមុន បានបង្ហាញពីក្រាហ្វិក LED ដែលបានរចនាឡើងវិញសម្រាប់ចង្កៀងមុខ និងនៅផ្នែកខាងក្រោមនៃកាងខាងក្រោយតុបតែងដោយក្រូម៉េ។ រថយន្តនេះ បានបំពាក់ថាសកង់ស្ព័រទំហំ ១៦ អ៊ីញ បន្ថែមនៅចង្កៀងមុខប្រភេទ bi-LED និងចង្កៀងក្រោយប្រភេទ LED ផងដែរ។

ផ្នែកខាងក្នុងវិញ ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថលថ្មីទំហំ ៧ អ៊ីញ បូករួមទាំងអេក្រង់កំសាន្ត touchscreen ទំហំ ៨ អ៊ីញ។ ជាមួយគ្នានេះ រថយន្តនេះអាចផ្ទុកទំនិញ ៥៩៦ លីត្រ ដែលអាចពង្រីកដល់ ១ ៦០៦ លីត្រ នៅពេលបត់កៅអីខាងក្រោយ។ លើសពីនេះ កៅអីមានមុខកំដៅ, ប្រព័ន្ធម៉ាស៊ីនស្វ័យប្រវត្តិ, កន្លែងសាកថ្មឥតខ្សែ, ភ្លើងលម្អ និងកញ្ចប់ប្រព័ន្ធជំនួយអ្នកបើកបរ ADAS package ទៀតផង។

Suzuki Swace ស៊េរីឆ្នាំ ២០២៣ មានម៉ូដែល ២ សម្រាប់ជ្រើសរើសនៅទីផ្សារប្រទេសហូឡង់ ដែលមានតម្លៃចាប់ពី ៣៩ ៣៧៨ ដុល្លារ ដល់ ៤១ ៥៧៨ ដុល្លារ​ ជាតម្លៃខ្ពស់ជាងមុនដល់ទៅ ៣ ៨០០ ដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម