[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត HONRI Automobile China បានធ្វើដាក់បង្ហាញចេញរថយន្តអគ្គិសនីខ្នាតតូច HONRI BOMA ថ្មី ដែលមានតម្លៃចាប់ពី ៥ ៧៣៤ ដុល្លារ ដល់ ៧ ៤៥៩ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។
រថយន្តអគ្គិសនីនេះ មានប្រវែងតួខ្លួនសរុប ៣ ៥១៧ ម.ម ទទឹង ១ ៤៩៥ ម.ម កំពស់ ១ ៦៦០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៤៩៥ ម.ម ។ ការរចនាផ្នែកខាងក្រៅ ជាពិសេសនៅផ្នែកខាងមុខ Weiao BOMA មានប៉ាណាស្រដៀងទៅនឹងរថយន្ត Toyota Alphard អបជាមួយចង្កៀងប្រភេទ LED ប្រើប្រាស់នៅថាសកង់ស្ព័រប្រភេទអាលុយមីញ៉ូម និងចង្កៀងក្រោយ LED អូសកាត់ពេញផ្ទៃសងខាង។
ចូលទៅមើលនៅផ្នែកខាងក្នុងកាប៊ីនវិញ រថយន្តនេះអាចរៀបជាកៅអី ៤-៥ កៅអីដោយតុងតែងជា ២ ពណ៌ បំពាក់ដោយដៃចង្កូត multi-function sterring កុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្តរួមបញ្ចូលជាអេក្រង់ភ្លោះ។ លើសពីនេះ ក៏បានមកជាមួយប្រព័ន្ធសុវត្ថិភាពដូចជា ABS ផងដែរ។
ទាក់ទងនឹងផ្នែកម៉ាស៊ីន រថយន្ត Honri Boma បំពាក់ដោយម៉ូទ័រអគ្គិសនីដែលមានកម្លាំង ៤០ សេះ និងកម្លាំងរមួល ៨៤ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១១,៩ អ៊ីញ ប្រភេទ ternary lithium ដែលអាចបើកបរបានចម្ងាយ ១៣០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង និងអាគុយទំហំ ១៨,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២០០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ៕