យោងតាមគេហទំព័រ Autoblog បានឲ្យដឹងថា ក្រុមហ៊ុន Lamborghini នឹងបញ្ចេញរថយន្ត SUV ម៉ូដែលថ្មីមួយទៀត ហៅថា Urus ST-X។
Lamborghini Urus ST-X នឹងបង្ហាញខ្លួនក្នុងអំឡុងព្រឹត្តិការណ៍ 2020 Lamborghini Super Trofeo World Final ក្នុងទីក្រុង Misano ប្រទេសអ៊ីតាលី នៅថ្ងៃទី៣១ តុលា ដល់ ថ្ងៃទី០១ វិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ។
ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានព័ត៌មានលម្អិតបន្ថែម ទាក់ទងនឹងរថយន្ត SUV ថ្មីរបស់ Lamborghini ឡើយ ប៉ុន្តែមានពាក្យចចាមអារ៉ាមថា Urus ថ្មីអាចនឹងប្រើម៉ាស៊ីន Plug-in Hybrid ផងដែរ។
គួរឲ្យដឹងថា រថយន្ត Lamborghini Urus ធម្មតាប្រើម៉ាស៊ីនចំណុះ ៤,០លីត្រ Twin-turbocharged ទំហំ ៨ស៊ីឡាំង មានកម្លាំង ៦៤១សេះ ហើយមានល្បឿនអតិបរមារហូតដល់ទៅ ៣០៥គីឡូម៉ែត្រក្នុងមួយម៉ោង និងមានតម្លៃចាប់ពី ២០០ ០០០ដុល្លារលើទីផ្សារបរទេស។
ដោយឡែក គេរំពឹងថា Urus ST-X នឹងមានដំណើរការខ្លាំងជាងនេះ ហើយក៏មានតម្លៃថ្លៃជាងនេះផងដែរ៕