[ទីផ្សារបរទេស] ក្រុមហ៊ុនផលិត MG បានធ្វើការប្រកាសពីការអាប់ដេតមួយចំនួនសម្រាប់រថយន្ត MG HS ប្រភេទ SUV ម៉ូដែលខ្ពស់បំផុត អាចបញ្ជាទិញបាននៅទីផ្សារចក្រភពអង់គ្លេស ជាមួយតម្លៃលក់ចាប់ពី ២៩ ២៣៣ ដុល្លារ។
ក្រុមហ៊ុនបានបង្ហាញរូបភានៃរថយន្ត MG HS ស៊េរីឆ្នាំ ២០២៣ ដែលរំលេចផ្នែកខាងមុខដែលបានរចនាឡើងវិញជាមួយនឹងប៉ាណាមុខធំ និងចង្កៀងមុខថ្មី ប្រភេទ Bi-function LED ។ ការផ្លាស់ប្តូរផ្សេងទៀតរួមមានផ្នែកខាងក្រោយដែលបានកែប្រែជាមួយនឹងបំពង់ស៊ីមាំងចំនួន ២ និងចង្កៀងខាងក្រោយ LED និងថាសកង់ទំហំ ១៨ អ៊ីញថ្មីជាមួយនឹងការរចនាថ្មីឲ្យឈ្មោះថា daimond-cut design ។
ចំពោះនៅផ្នែកខាងក្នុង តុបតែងកាន់តែទាន់សម័យ បានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជិថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,១ អ៉ីញ ។ ខណៈពេលដែលការណែនាំសម្ភារៈ Soft-Touch ថ្មីផងដែរ ។ គ្រឿងបរិក្ខារស្តង់ដារមានដូចជា ប្រព័ន្ធកាមេរ៉ាមើលក្រោយ សេនស័រខាងក្រោយ និងកញ្ចប់ជំនួយការបើកបរ MG Pilot ADAS និងបានបន្ថែម កៅអីស្បែកមុខងារកម្តៅ ប្រព័ន្ធម៉ាស៊ីនត្រជាក់ ២ តំបន់ ភ្លើងលម្អ និងឧបករណ៍បំពងសំឡេង ៦ ចនុចជាដើម។
ទាក់ទងនឹងផ្នែកម៉ាស៊ីន MG HS មុខមាត់ថ្មីនេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged អាចផលិតកម្លាំងបាន ១៦០ សេស ភ្ជាប់ដោយប្រអប់លេខដៃ ៦ វគ្គ និងប្រអប់លេខអូតូ dual-clutch ៧ វគ្គជាជម្រើស និងម៉ាស៊ីន Plug-in hybrid ដែលបំពាក់ដោយថាមពលអគ្គិសនីដែលមានកម្លាំង ២៥៤ សេស និងអាចបើកបរបានចម្ងាយ ៥១ គីឡូម៉ែត្រ ៕