[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Subaru កំពុងបង្កើនល្បឿនក្នុងការបោះជំហានចូលទៅក្នុងទីផ្សារអគ្គិសនី ដោយក្រុមហ៊ុនផលិតរថយន្តជប៉ុនបានប្រកាសពីផែនការផលិតរថយន្តអគ្គិសនីចំនួន ៤០០ ០០០ គ្រឿងក្នុងមួយឆ្នាំចាប់ពីឆ្នាំ ២០២៨ ដោយបន្ថែមការផលិតនៅក្នុងរោងចក្រផលិតរថយន្តអគ្គិសនីចំនួនពីរនៅក្នុងប្រទេសជប៉ុន ដើម្បីគាំទ្រក្នុងការដាក់បង្ហាញចេញររថយន្តអគ្គិសនីចំនួន ៤ម៉ូដែលនៅចុងឆ្នាំ ២០២៦។
គួរឲ្យដឹងថា បច្ចុប្បន្ននេះ Subaru បានផលិតរថយន្តអគ្គិសនីសុទ្ធមានតែមួយម៉ូដែលប៉ុណ្ណោះគឺ Subaru Solterra ប្រភេទ SUV ប៉ុន្តែរថយន្ត Crossovers អគ្គិសនីនាពេលខាងមុខចំនួន ៤ នឹងត្រូវបានធ្វើឲ្យប្រសើរឡើងយ៉ាងខ្លាំងនៅត្រកូល EV របស់ខ្លួន ហើយត្រូវបានគេរំពឹងថានឹងផ្តល់ជូននៅទីផ្សារសហរដ្ឋអាមេរិក នេះបើតាមនាយកប្រតិបត្តិលោក Atsushi Osaki ។
ដើម្បីសម្រេចផែនការបង្កើនល្បឿនអគ្គិសនីរបស់ខ្លួន ក្រុមហ៊ុន Subaru បាននិយាយថា ខ្លួននឹងបន្ថែមការផលិតរថយន្តអគ្គិសនីនៅរោងចក្រ Oizumi របស់ខ្លួនក្នុងប្រទេសជប៉ុននៅដើមឆ្នាំ ២០២៧ ដែលមានសមត្ថភាពសម្រាប់រថយន្ត ២០០ ០០០ គ្រឿងក្នុងមួយឆ្នាំ ហើយនឹងបន្ថែមពីលើការផលិតនៅរោងចក្រ Yajima ក្បែរនោះ ដែលនឹងមានសមត្ថភាពផលិតរថយន្តបានចំនួន ២០០ ០០០ គ្រឿងក្នុងមួយឆ្នាំចាប់ពីឆ្នាំ ២០២៦ ដោយរួមបញ្ចូលគ្នានឹងអាចផលិតបានចំនួន ៤០០ ០០ គ្រឿងមួយឆ្នាំ នៅឆ្នាំ ២០២៨ ។
បន្ថែមពីនេះ លោក Osaki ក៏បាននិយាយផងដែរថា ក្រុមហ៊ុន Subaru គ្រោងនឹងផលិតរថយន្តអគ្គិសនីដំបូងគេនៅក្នុងប្រទេសជប៉ុន បើទោះបីជាទីផ្សារសហរដ្ឋអាមេរិកមានប្រហែល ៧០% នៃការលក់ទូទាំងពិភពលោករបស់ក្រុមហ៊ុនក៏ដោយ។ ក្រុមហ៊ុនផលិតរថយន្តនេះកំណត់គោលដៅលក់រថយន្តអគ្គិសនីចំនួន ២០០ ០០០ គ្រឿងជាសាកលប្រចាំឆ្នាំចាប់ពីឆ្នាំ ២០២៦ ហើយបាននិយាយថា ខ្លួននឹងផ្តល់ថាមពលទំហំអាគុយសម្រាប់រថយន្តថ្មីនេះតាមរយៈការសហការជាមួយដៃគូ Toyota ៕