រថយន្តភីកអាប់ដំបូងរបស់ Hyundai អាចនឹងបង្ហាញខ្លួននៅអំឡុងឆ្នាំ ២០២១ ខាងមុខ ហើយនៅពេលនេះគេបានដឹងមុនថារថយន្តនេះនឹងប្រើប្រាស់ម៉ាស៊ីនប្រភេទណា។ នេះបើផ្អែកតាមការចុះផ្សាយរបស់ CarsGuide។
គេបានដឹងព័ត៌មាននេះនៅអំឡុងការប្រកាសចេញរថយន្ត Genesis GV80 ដែលជារថយន្ត SUV ប្រណីតដំបូងរបស់ក្រុមហ៊ុន Genesis ហើយ Genesis នេះដែរជាក្រុមហ៊ុនសាខារបស់ Hyundai។ Genesis GV80 ប្រកាសចេញនៅកូរ៉េខាងត្បូងជាមួយម៉ាស៊ីនម៉ាស៊ូត Turbo ចំណុះ ៣,០ លីត្រ កម្លាំង ២៧៨ សេះ។
សម្រាប់ទីផ្សារអាមេរិកម៉ាស៊ីនម៉ាស៊ូតលើរថយន្តធម្មតាមិនមែនជាទីពេញនិយមនោះទេ។ ហេតុនេះ Hyundai ត្រូវផលិតម៉ាស៊ីនសាំងថ្មីសម្រាប់បំពាក់លើ GV80 ដែលដាក់លក់នៅទីផ្សារអាមេរិក ហើយក៏មានការបញ្ជាក់ជាផ្លូវការដែរថាម៉ាស៊ីនថ្មីនេះនឹងត្រូវផលិតនៅរោងចក្រនៅ Alabama របស់ Hyundai ចាប់ពីឆ្នាំ ២០២១។
ចំពោះលក្ខណៈសម្បត្តិលម្អិតនៃម៉ាស៊ីនគេនៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែច្បាស់ហើយថាវាប្រើប្រាស់ម៉ាស៊ីនសាំងថ្មីដូចដែលមានប្រើលើ Genesis GV80៕