[បរទេស] ដើម្បីជាការអបអរមុនពេលបញ្ឈប់ការផលិតនៅរថយន្ត Camaro ជំនាន់ទី៦ បន្ទាប់ពីឆ្នាំ ២០២៤ ក្នុងនោះ ក្រុមហ៊ុនផលិតរថយន្ត Chevrolet បានធ្វើការបង្ហាញចេញនៅម៉ូដែលពិសេស Camaro Collector’s Edition ដោយមាន ៤ ម៉ូដែល LT/RS, LT1, SS, និងម៉ូដែល ZL1 ជាមួយតម្លៃលក់ចាប់ពី ៣៩ ៤៤០ ដុល្លារ ដល់ ៨៨ ៦៩០ ដុល្លារ បូករួមទាំងកញ្ចប់ផ្សេងៗនៅទីផ្សារអាមេរិកខាងជើង ។
រថយន្តនេះ ត្រូវបានតុបតែងជាមួយពណ៌តែមួយគត់គឺពណខ្មៅ (Panther Black Metallic) នឹងមានការចនាទៅលើកាងមុខ និងកាង spoiler ខាងក្រោយពណ៌ខ្មៅ ប្រើប្រាស់នៅថាសកង់ទំហំ ២០ អ៉ីញ ជាមួយដុំហ្វ្រាំង caliper ពណ៌ក្រហម ។ លើសពីនេះ សម្រាប់ម៉ូដែលពិសេសនេះ ក៏មានឡូហ្គោពណ៌ខ្មៅ ដោយផ្នែកខាងមុខមានអក្សរ R និងនៅលើដៃចង្កូតផងដែរ ។
ទាក់ទងនឹងផ្នែកម៉ាស៊ីនវីញ ម៉ូដែលពិសេសនេះ បានដកម៉ាស៊ីន ២,០ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង ជំនួសមកវិញនៅម៉ាស៊ីនចំណុះ ៣,៦ លីត្រ V6, ម៉ាស៊ិនចំណុះ ៦,២ លីត្រ V8 និងម៉ាស៊ីនចំណុះ ៦,២ លីត្រ V8 supercharged ។
គួរបញ្ជាក់ផងដែរ សម្រាប់រថយន្ត Chevrolet Camaro Collector’s Edition នឹងធ្វើការបើកទទួលការកក់ទុកមុននៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៣។ លើសពីនេះ សម្រាប់ម៉ូដែល ZL1 ផលិតតែ ៣៥០ គ្រឿងប៉ុណ្ណោះ ៕