ក្តៅៗ! Lexus TX 2024 ប្រភេទ SUV កៅអី ៣ជួរ បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅម៉ូដែលថ្មី Lexus TX ស៊េរីឆ្នាំ ២០២៤ ប្រភេទ SUV កៅអី ៣ ជួរ មាន ៤ ម៉ូដែលសម្រាប់ជ្រើសរើសគឺ Standard, Premium, Luxury និង F Sport ផលិតឡើងសម្រាប់ទីផ្សារសហរដ្ឋអាមេរិក គ្រោងនឹងចេញលក់នៅចុងឆ្នាំ ២០២៣ នេះ ។

Lexus TX គឺជារថយន្តប្រភេទ SUV ចុងក្រោយបង្អស់ដែលផលិតឡើងនៅលើគ្រោងឆ្អឹង GA-K platform មានប្រវែងតួខ្លួនសរុប ៥ ១៥៩ ម.ម ទទឹង ១ ៩៨៩ ម.ម កំពស់ ១ ៧៨១ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩៤៩ ម.ម ។ សម្រាប់ការរចនាផ្នែកខាងក្រៅបានប្រើប្រាស់ភាសារចនាថ្មីឲ្យឈ្មោះថា Unified Spindle ជួយឲ្យរថយន្តមានប្រព័ន្ធ aerodynamic ក្នុងការជ្រែកខ្យល់បានយ៉ាងមានប្រសិទ្ធភាព ដោយនៅផ្នែកខាងមុខមានប៉ាណារចនាថ្មីគ្មានស៊ុម ចង្កៀងមុខប្រភេទ LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិជាប់ជាមួយអំពលបំភ្លឺពេលរាងសញ្ញាព្រួញនៅជាប់គម្រាប់ម៉ាស៊ីន និងអំពូលកាត់អ័ព្ធជាប្រភេទ LED ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២០ អ៉ីញ ដល់ ២២ អ៉ីញ និងចង្កៀងក្រោយប្រភេទ LED រចនាឡើងបែប unique ដែលអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ មានការចែករំលែកការឌីស្សាញមួយចំនួនពីរថយន្ត Grand Highlander ផ្តល់នៅភាពកាន់តែប្រណិត និងទំហំធំទូលាយដោយបត់កៅអីជួរ ៣ អាចផ្ទុកបានដល់ ១ ៦២៥ លីត្រ ខណះបត់កៅអីជួរទី ២ ទី៣ អាចផ្ទុកបានដល់ ២ ៧៤៦ លីត្រដោយកៅអីជួរទី ២ ជា Captain seat ។ លើសពីនេះ ក៏ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថល់ទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤ អ៉ីញ ភ្ជាប់មុខងារ AppleCarPlay និង Android Auto ក៏ដូចជាអេក្រង់បង្ហាញលើកញ្ចក់ និងឧបករណ៍បំពងសំលេងដ៏ប្រណិតម៉ាក Mark Levinson ២១ ចំនុចជាដើម ។ មិនត្រឹមតែប៉ុណ្ណោះ Lexus TX នឹងមានប្រព័ន្ធសុវត្ថិភាព Lexus Safety System+ 3.0 ដែលរួមបញ្ចូលនៅមុខងារដ៏សំប្បូរបែប ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ Lexus TX ស៊េរីឆ្នាំ ២០២៤ ទទួលបានជម្រើសម៉ាស៊ីនហូតដល់ទៅ ៣ ជម្រើសរួមមាន ៖

  • ម៉ាស៊ីនសាំងចំណុះ ២,៤ លីត្រ Turbo អាចផលិតកម្លាំងបាន ២៧៥ សេស និងកម្លាំងរមួល ៤២៩ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ ប្រភេទបើកបរប៉ុង ១ និងប៉ុង ២ ជាមួយកម្រិតស៊ីប្រេង ១១ លីត្រ/១០០ គីឡូម៉ែត្រ
  • ម៉ាស៊ីនកូនកាត់ Hybrid ចំណុះ ២,៤ លីត្រ Turbo អាចផលិតកម្លាំងបាន ៣៦៦ សេស និងកម្លាំងរមួល ៥៥៤ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦ វគ្គ ប្រភេទបើកបរប៉ុង ២ Direct4 AWD ជាមួយកម្រិតស៊ីប្រេងចន្លោះ ៩ ទៅ ១០ លីត្រ/១០០ គីឡូម៉ែត្រ
  • ម៉ាស៊ីន Plug-in hybrid ៣,៥ លីត្រ V6 អាចផលិតកម្លាំងបាន ៤០៦ សេស ភ្ជាប់ដោយប្រអប់លេខអូតូប្រភេទ CVT ប្រភេទបើកបរប៉ុង ២ Direct4 AWD ជាមួយកម្រិតស៊ីប្រេងចន្លោះ ៧ លីត្រ/១០០ គីឡូម៉ែត្រ នឹងអាចបើកបរបានចម្ងាយ ៥៣ គីឡូម៉ែត្រដោយប្រើប្រាស់ថាមពលអគ្គិសនី ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម