[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា SAIC-MAXUS បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនី Maxus Mifa5 ស៊េរីថ្មីចុងក្រោយ មាន ៥ ម៉ូដែលសម្រាប់ជ្រើសរើសជាមួយតម្លៃលក់ចាប់ពី ២៧ ៤៣៩ ដុល្លារ ដល់ ៣១ ៩៧០ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។
រថយន្តប្រភេទ MPV នេះមានប្រវែងតួខ្លួនសរុប ៤ ៧៥០ ម.ម ទទឹង ១ ៨០០ ម.ម កំពស់ ១ ៧២០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨០០ ម.ម ។ រថយន្តអគ្គិសនីសុទ្ធ MAXUS MIFA5 ទទួលបានការធ្វើឱ្យប្រសើរឡើងផ្នែកខាងក្រៅថ្មី។ ភ្ជាប់មកជាមួយប៉ាណាមុខរចនាថ្មី Dot matrix គ្មានស៊ុប ចង្កៀងមុខអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងជាមួយនឹងឡូហ្គោ MAXUS ផុសនៅចំកណ្តាល ។
ចំពោះនៅផ្នែកខាងក្នុងវិញ អាចកំណត់បាន ៥ កៅអី និង ៧ កៅអី ដោយនៅលើតាប្លូបំពាក់កុងទ័របង្ហាញព័ត៌ំានទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ អាចភ្ជាប់ប្រព័ន្ធ 4G, ប្រព័ន្ធ GPS ក៏ដូចជាកន្លែងសាកថ្មឥតខ្សែ, ដំបូលកញ្ចក់ Panoramic sunroof កាមេរ៉ា ៣៦០ ដឺក្រេ និងសេនស័រជំនួយចេញនិងចូលចំណតនៅផ្នែខាងមុខ និងខាងក្រោយផងដែរ ។
ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ១៦០ សេះ និងកម្លាំងរមួល ២២៥ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៧០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥២០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ៕