[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Nissan Magnite ស៊េរីឆ្នាំ ២០២៣ នៅឯពិព័រណ៍រថយន្តឥណ្ឌូនេស៊ីឆ្នាំ ២០២៣ ដែលជាទីផ្សារដំបូងគេនៅអាស៊ីអាគ្នេយ៍ មាន ២ ម៉ូដែលជាមួយតម្លៃលក់ចាប់ពី ១៨៨ ០០ ដុល្លារ ដល់ ២០ ០០០ ដុល្លារ ជាគូប្រជែងដូចជា Kia Sonet, Toyota Raize ជាដើម។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៣ ៩៩៤ ម.ម ទទឹង ១ ៧៥៨ ម.ម កំពស់ ១ ៥៧២ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៥០១ ម.ម ។ សម្រាប់គ្រឿងបរិក្ខារនៅលើរថយន្តរួមមាន ចង្កៀងមុខ-ក្រោយប្រភេទ LED, អំពូលបំភ្លឺពេលថ្ងៃក៏ជាប្រភេទ LED, ថាសកង់ស្ព័រប្រភេទ Alloy wheel, ប្រព័ន្ធហ្រ្វាំង ABS / EBD / BA, ប៊ូតុង start/stop engine ជាមួយសោរឆ្លាតវៃប្រភេទតេឡេ ឬ Smart key, កៅអីខាងក្រោយអាចបត់បាន ៦០/៤០, អេក្រង់បង្ហាញព័ត៌មានឌីជីថលទំហំ ៧ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៨ អ៉ីញ ភ្ជាប់មុខងារ Android Auto និង Apple CarPlay ។
ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,០ លីត្រ Turbocharged ទំហំ ៣ ស៊ីឡាំង អាចផលិតកម្លាំងបាន ៩៦ សេះ និងកម្លាំងរមួល ១៦០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយជម្រើសប្រអប់លេខអូតូ CVT និងលេខដៃ ៥ វគ្គ ប្រភេទបើកបរប៉ុង ១ វិលកង់មុខ ៕