គូប្រជែងថ្មីរបស់ Tesla Model Y មកពីក្រុមហ៊ុន BYD បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត BYD Sea Lion 07 ប្រើអគ្គិសនីសុទ្ធ ដែលជាគូប្រជែងរបស់ Tesla Model Y នៅឯពិពរណ៌រថយន្ត Guangzhou Auto Show 2023 ដែលកំពុងធ្វើឡើងនៅប្រទេសចិន ជាមួយតម្លៃលក់ដែលរំពឹងចាប់ពី ២៧ ៦០០ ដុល្លារឡើងទៅ ។

BYD Sea Lion 07 ផលិតឡើងនៅលើគ្រោងឆ្អឹង e-Platform 3.0 មានប្រវែងតួខ្លួនសរុប ៤ ៨៣០ ម.ម ទទឹង ១ ៩២៥ ម.ម កំពស់ ១ ៦២០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩៣០ ម.ម ។ Sea Lion 07 គឺជារថយន្តអគ្គិសនី (BEV) នៅក្នុងស៊េរី Ocean របស់ BYD តាមពីក្រោយ Seagull, Dolphin និង Seal sedan ដោយត្រូវបានប្រើប្រាស់ភាសាររចនា Ocean-X concept ឡើងដោយអតីតជើងចាស់ Audi លោក Wolfgang Egger ដែលជាប្រធានផ្នែករចនានៅ BYD ចាប់តាំងពីឆ្នាំ ២០១៦ ។ ខណៈនៅផ្នែកខាងក្នុង ក្រុមហ៊ុនមិនទាន់បង្ហាញព័ត៌មានលម្អិតនៅឡើយទេ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តអគ្គិសនីនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៥០៩ សេះ និងកម្លាំងរមួល ៦៧០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៨៧,០៤ គីឡូវ៉ាត់ម៉ោងអាចបើកបរបានចម្ងាយ ៦៦២ គីឡូម៉ែត្រ ប្រភេទបើកបរប៉ុង ២ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម