Automative Logistics បានឲ្យដឹងថាក្រុមហ៊ុន BMW នឹងមិនបើករោងចក្រនៅប្រទេសរុស្ស៊ីឡើយ ដោយសារចរចាជាមួយមន្ត្រីរដ្ឋាភិបាលមិនត្រូវគ្នា ជុំវិញការលើកលែងពិសេសផ្នែកអត្រាពន្ធសម្រាប់រោងចក្រ។
បច្ចុប្បន្ននេះ BMW មានក្រុមហ៊ុន Avtotor ជាដៃគូផលិតក្នុងស្រុក ដែលផលិតរថយន្ត 3-series និង 5-series ប្រភេទ Sedan រួមទាំងរថយន្ត SUV នៅទីក្រុង Kaliningrad ប្រទេសរុស្ស៊ី។ គួររំលឹកថាផែនការនៃសាងសង់រោងចក្រផលិតដោយផ្ទាល់ខ្លួនរបស់ BMW ត្រូវបានលោក Stefan Teuchert នាយកប្រតិបត្តិ BMW Russia ប្រកាសកាលពីឆ្នាំ ២០១៨។
ខណៈដែល BMW បោះបង់ចោលគម្រោងការរបស់ខ្លួន ក្រុមហ៊ុន Daimler ដែលជាគូប្រជែងបានបើករោងចក្រ Mercedes-Benz នៅជិតរដ្ឋធានីមូស្គូកាលពីឆ្នាំមុន ដែលបានក្លាយជាម៉ាករថយន្តប្រណីតលក់ដាច់ជាងគេនៅរុស្ស៊ីក្នុងឆ្នាំ ២០១៩ លក់បាន ៤២ ០៤៦ គ្រឿង។ ចំណែក BMW ស្ថិតនៅលេខពីរ លក់បាន ៤១ ៥២០ គ្រឿង៕