[ទីផ្សារបរទេស] កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៣ ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ BYD Song L ស៊េរីថ្មីចុងក្រោយ ដែលមានតម្លៃលក់ចាប់ពី ២៦ ៦០០ ដុល្លារនៅទីផ្សារប្រទេសចិន ។ បើយោងតាមគេហទំព័រ CarFans បានឲ្យដឹងថា រថយន្តនេះទទួលបានការកក់មុនចន្លោះពី ៨០០០-៩០០០ គ្រឿងក្នុងរយៈពេល ៧២ម៉ោងប៉ុណ្ណោះ ។
រថយន្តនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ៣០៨ សេះ និងកម្លាំងរមួល ៣៦០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៨៧,០៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបចម្ងាយ ៦៦២ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង គាំទ្រដោយឆ្នាំងសាកល្បឿនលឿន ដោយអាចសាកបានពី ៣០%-៨០% ប្រើរយៈពេល ២៥ នាទីប៉ុណ្ណោះ ។
BYD Song L ត្រូវបានបំពាក់ជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំចាប់ពី ១៩-២០ អ៉ីញ ទ្វារឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី អេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញសម្រាប់បញ្ជាមុខងារទាំងស្រុង ប្រព័ន្ធម៉ាស៊ីនត្រជាក់ ២ តំបន់ និងឧបករណ៍បំពងសំលេងចំនួន ៨ ចំនុចជាដើម ៕