ក្នុងអំឡុងពេលនៃការផ្ទុះនូវវីរុសកូរ៉ូណា ប្រទេសជប៉ុនគិតចង់បង្កើតក្រុមពិសេសមួយ ដែលជាការបង្កើតឡើងរវាងឧស្សាហកម្មរថយន្ត និងរដ្ឋាភិបាល។
គោលបំណងគឺសម្រាប់ក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនផ្គត់ផ្គង់ទទួលបានជំនួយ និងអាចឆ្លងផុតការបង្អាក់ដំណើរដែលបណ្ដាលមកពីការផ្ទុះវីរុស។ ក្រុមការងារនឹងធ្វើចែករំលែកទាក់ទងនឹងការជួយជ្រោមជ្រែងដល់ផ្នែកហិរញ្ញវត្ថុ និងលក្ខខណ្ឌនានា។
ក្រុមនេះក៏នឹងត្រួតពិនិត្យមើលការវិវត្តថ្មី និងរៀបចំការទំនាក់ទំនង ខណៈដែលធ្វើការជាមួយរដ្ឋាភិបាលជប៉ុន ក្នុងគោលដៅជួយដោះស្រាយបញ្ហាទាក់ទងនឹងសង្វាក់ផលិតកម្មផ្គត់ផ្គង់។
ក្រុមហ៊ុនរថយន្តដូចជា Nissan បានរងផលប៉ះពាល់ធ្ងន់ដែលឈានដល់ការបិទសង្វាក់ផលិតកម្ម នៅ Kyushu ភាគខាងលិចប្រទេសជប៉ុននាថ្ងៃទី ១៤ និង ១៧ កុម្ភៈ ហើយក៏នឹងផ្អាកការផលិតនៅថ្ងៃទី ២៤ កុម្ភៈដែរ។ ចំណែក Mazda, Honda, Mitsubishi និង Toyota វិញក៏បានផ្អាកប្រតិបត្តិការមួយចំនួននៅចិន ដោយមិនទាន់មានការផ្អាកនៅជប៉ុននៅឡើយទេ៕