[បរទេស] ក្រុមហ៊ុនបច្ចេកវិទ្យា Apple បានសម្រេចចិត្តលុបចោលគម្រោងក្នុងការអភិវឌ្ឍន៍ទៅលើរថយន្តប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធរបស់ខ្លួន បន្ទាប់ពីការខិតខំប្រឹងប្រែងចាប់តាំងពីឆ្នាំ ២០១៤ ដែលបានឈានដល់ដំណាក់កាលសំខាន់ដែលឲ្យឈ្មោះថា Make-or-Break ប៉ុន្តែជាអកុសលគម្រោងត្រូបានបរាជ័យ។
គួរឲ្យដឹងថា គម្រោងនេះមានតម្លៃរាប់ពាន់លានដុល្លារ និងបានស្ថិតក្នុងការអភិវឌ្ឍអស់រយៈពេលមួយទស្សវត្សរ៍មកហើយ ត្រូវបានប្រគល់ទៅឱ្យក្រុមដែលមានសមាជិកជាង ២ ០០០ នាក់ នាក់ ដោយលោក COO Jeff Williams និង Kevin Lynch ដែលជាអនុប្រធានដែលត្រួតពិនិត្យកិច្ចខិតខំប្រឹងប្រែងនេះ។
ក្នុងនោះ ក្រុមហ៊ុន Apple មានបំណងផលិតរថយន្តប្រើអគ្គិសនីសុទ្ធដែលមានសមត្ថភាពបើកបរដោយខ្លួនឯង និងលក្ខណៈពិសេសដ៏ប្រណិត។ ទោះជាយ៉ាងណាក៏ដោយ គម្រោងនេះបានប្រឈមមុខនឹងបញ្ហាជាច្រើន រួមទាំងកង្វះការគាំទ្រពីនាយកប្រតិបត្តិ ការកើនឡើងថ្លៃដើម និងការព្រួយបារម្ភអំពីសុវត្ថិភាពជុំវិញយានយន្តស្វយ័ត។
ទោះបីជាគម្រោងក្នុងការផលិតរថយន្តរបស់ Apple បានលុបចោលក៏ដោយ ក៏បុគ្គលិកមួយចំនួននឹងត្រូវបានចាត់តាំងឡើងវិញទៅគម្រោងផ្សេងទៀត ជាពិសេសនៅក្នុងផ្នែកបច្ចេកវិទ្យា AI ជំនាន់ថ្មីសម្រាប់ក្រុមហ៊ុន Apple ជាដើម ៕