រថយន្ត Bentley Mulsanne នឹងត្រូវបញ្ឈប់ការផលិតនៅត្រីមាសទី ២ ឆ្នាំ ២០២០ នេះ ហើយពេលនេះក្រុមហ៊ុន Bentley បានប្រាប់ពីមូលហេតុដែលសម្រេចចិត្តពិឃាដគូប្រជែងរបស់ Rolls-Royce Phantom មួយនេះ។
ក្នុងកិច្ចសម្ភាសន៍ជាមួយ Top Gear លោក Adrian Hallmark នាយកប្រតិបត្តិ Bentley បាននិយាយថា ភ័ព្វវាសនា Mulsanne បានបញ្ចប់ដោយសារចំនួនលក់មានកំណើនយឺតយ៉ាវ។ លោកបានពន្យល់ថា ៖ “ផ្នែករថយន្ត Sedan ខ្នាតធំបានក្លាយជាមូលដ្ឋានមួយសម្រាប់ Bentley ក្នុងរយៈពេលជាង ១០០ ឆ្នាំមកហើយ ប៉ុន្តែចំនួនលក់ហាក់ដើរថតក្រោយ ទោះបីជាយើងលក់បានច្រើនជាងម៉ូដែល Phantom ក្ដី។”
Hallmark និយាយថាក្រុមហ៊ុនអាចលក់រថយន្ត Mulsanne បានខ្ទង់ ៥០០គ្រឿងប៉ុណ្ណោះកាលពីឆ្នាំមុន។ ចំនួនលក់តិចតួចនេះក៏មានន័យថាអ្នកស្នងតំណែង Mulsanne នឹងមិនបង្ហាញមុខរួចនោះទេ។ ដូចការបញ្ជាក់របស់ Hallmark គឺ Bentley មិនអាចរកប្រាក់ចំណេញបានសម្រាប់ការបញ្ចេញរថយន្តម៉ូដែលថ្មីនោះទេ ក្រោយទូទាត់ការចំណាយរួច៕