[ទីផ្សារបរទេស] ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Smart បានធ្វើការប្រកាសដាក់បង្ហាញជាផ្លូវការនូវរថយន្តអគ្គិសនី Smart #5 មុខមាត់ថ្មី ជាមួយតម្លៃលក់ចាប់ពី ៥៤ ០០០ដុល្លារ ក្នុងទីផ្សារតំបន់អឺរ៉ុុប ហើយគ្រោងចេញលក់ជាផ្លូវការនៅដើមឆ្នាំ២០២៥ ខាងមុខនេះ។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៧០៥ ម.ម ទទឹង ១ ៩២០ ម.ម កំពស់ ១ ៧០៥ ម.ម ទម្ងន់ ១ ៨០០-២ ៤៥០ គីឡូក្រាម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩០០ ម.ម ដំណើរការដោយ៖
- ម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុុង១ RWD ផលិតកម្លាំងបាន ៣៣៥សេះ និង ៣៥៨សេះ
- ម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង២ AWD ផលិតកម្លាំងបាន ៥៧៩សេះ និង ៦៣៧សេះ
គួរបញ្ជាក់ផងថា សម្រាប់សម្រាប់ម៉ូទ័រអគ្គិសនីខាងលើគឺប្រើប្រាស់នូវអាគុយទំហំ ១០០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយរហូតដល់ដល់ ៧៤០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងគាំទ្រការសាកថ្មល្បឿនលឿន អាចសាកឡើងពី ១០ ទៅ ៨០ភាគរយ ចំណាយពេលតែ ១០នាទី ប៉ុណ្ណោះ។
សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ គឺទទួលបានការរចនាថ្មីទាំងស្រុងដោយផ្នែកខាងមុខមានបំពាក់ប៉ាណាបិទជិតរចនាជារន្ធតូចៗចំនួន៤ អមជាមួយកាងរន្ធខ្យល់ទំហំធំធ្វើពីអាលុយមីញ៉ូម និងចង្កៀងមុខប្រភេទ LED អូសកាត់ពីម្ខាងទៅម្ខាង ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រទំហំ ១៧អ៊ីញ ចំណែកចង្កៀងផ្នែកខាងក្រោយវិញរចនាជាប្រភេទ LED ដែលអូសកាត់ពីម្ខាងទៅម្ខាងភ្ជាប់ជាមួយរន្ធតូចៗចំនួន៤ និងមានឡូហ្គូលអក្សរ Smart នៅចំផ្នែកកណ្តាល។
ខណៈនៅផ្នែកខាងក្នុងកាប៊ីនវិញត្រូវបានបំពាក់ដោយស្បែកប្រណិត តុបតែងពីឈើ និងមានលក្ខណៈពិសេសដូចជាកៅអីអង្គុយខាងមុខអាចបត់បាន ១២១ ដឺក្រេ រួមជាមួយអេក្រង់់កុងទ័រព៌ត័មានឌីជីថលទំហំ ១០,៣ អ៊ីញ អេក្រង់កម្សាន្តទំហំ ១៣ អ៊ីញ ជាប្រភេទអេក្រង់ភ្លោះ និងអេក្រង់ head-up display ទំហំ ២៥,៦ អ៊ីញ ក៏ដូចជា រន្ធសម្លេងចំនួន ២១ចំនុច អំពូលបំភ្លឺចំនួន ២៥៦ពណ៌ មុខងារកៅអីកម្តៅ ប្រព័ន្ធការពារកម្តៅថ្ងៃ និងប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជំនួយការបើកបរជាច្រើនទៀត៕