ចិន ថា នាំចេញរថយន្តរបស់ខ្លួនកំពុងកើនឡើងដូចបាយពុះនៅក្នុងឆ្នាំ២០២៤ នេះ

ថ្មីៗនេះ នៅក្នុងខែសីហា ឆ្នាំ២០២៤ នេះ បើយោងតាមទិន្នន័យរបស់គយចិន បាននិយាយថា ប្រទេសចិនបាននាំចេញរថយន្តចំនួន ៦១០ ០០០ គ្រឿង ទៅលក់នៅក្រៅប្រទេស ដែលមានចំនួនកើនឡើង ៣៩ភាគរយ ធៀបនឹងខែសីហា ឆ្នាំ២០២៣ និងកើនឡើងចំនួន ១០ភាគរយ ពីមួយខែទៅមួយខែ។

បើរាប់ចាប់ពីខែមករា ដល់ខែសីហា ប្រទេសចិនបាននាំចេញរថយន្តចំនួន ៤,០៩ លានគ្រឿង ជាមួយនឹងអត្រាកំណើននៃការនាំចេញ ២៧ភាគរយ។ ហើយខាងក្រោមនេះជាប្រទេសកំពូលទាំង ១០ ដែលប្រទេសចិនបាននាំចេញបរិមាណខ្ពស់បំផុតសម្រាប់រយៈពេល ៨ខែដំបូងនៃឆ្នាំ២០២៤ នេះ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ប្រទេសរុស្ស៊ី៖ ៧០៥ ៥១៤ គ្រឿង
  • ប្រទេសម៉ិកស៊ិក៖ ៣២៣ ៥៤០ គ្រឿង
  • ប្រទេសអារ៉ាប់រួម៖ ២០៣ ០៤៨ គ្រឿង
  • ប្រទេសប្រេស៊ីល៖ ១៩២ ២៥៤ គ្រឿង
  • ប្រទេសបែលហ្សិក៖ ១៨២ ៥០៤ គ្រឿង
  • អារ៉ាប៊ីសាអូឌីត៖ ១៦១ ២៦១ គ្រឿង
  • ចក្រភពអង់គ្លេស៖ ១៣៧ ៩២៥ គ្រឿង
  • ប្រទេសអូស្ត្រាលី៖ ១១៨ ៨៨៨ គ្រឿង
  • ប្រទេសហ្វីលីពីន៖ ១០៤ ៤០២ គ្រឿង
  • ប្រទេសតួកគី៖ ៩៥ ៦៥០ គ្រឿង

គួរបញ្ជាក់ផងដែរថា ទិន្នន័យគយចិននេះបានបង្ហាញថា ប្រទេសរុស្ស៊ី គឺជាទីផ្សាររថយន្តនៅក្រៅប្រទេសដ៏ធំបំផុតរបស់ប្រទេសចិន ដែលមានចំនួនជាង ១៩ភាគរយ នៃការនាំចេញរថយន្តរបស់ប្រទេសចិននៅក្នុងខែសីហាឆ្នាំនេះ ដែលមានតម្លៃស្មើនឹង ១,៦ ពាន់លានដុល្លារ។

ចំពោះការនាំចេញរថយន្តអគ្គិសនី (NEV) របស់ប្រទេសចិនវិញត្រូវបានរំខានដោយគោលនយោបាយពន្ធរបស់សហភាពអឺរ៉ុប ដោយការនាំចេញរថយន្ត NEV របស់ចិនមានចំនួនត្រឹមតែ ១,៣៩៧ លានគ្រឿង ប៉ុណ្ណោះ រាប់ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៤ កើនឡើង ២៥ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងនោះ នៅក្នុងខែសីហា ឆ្នាំ២០២៤ នេះ បរិមាណនាំចេញរថយន្ត NEV របស់ប្រទេសចិនមានចំនួន ១៨០ ០០០ គ្រឿង កើនឡើង ២០,៩ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ និងកើនឡើង ២,៩ភាគរយ ពីមួយខែទៅមួយខែ។

ហើយខាងក្រោមនេះជាប្រទេសកំពូលទាំង ១០ ដែលប្រទេសចិនបាននាំចេញបរិមាណរថយន្ត NEV ខ្ពស់បំផុតរាប់ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៤ នេះ៖

  • ប្រទេសបែលហ្សិក៖ ១៧០ ៨៧៦ គ្រឿង
  • ប្រទេសប្រេស៊ីល៖ ១៣៦ ១១២ គ្រឿង
  • ចក្រភពអង់គ្លេស៖ ៨៨ ៩៣៣ គ្រឿង
  • ប្រទេសថៃ៖ ៨១ ៥៤៦ គ្រឿង
  • ប្រទេសហ្វីលីពីន៖ ៦៩ ៩៨៧ គ្រឿង
  • ប្រទេសម៉ិកស៊ិក៖ ៦១ ៦៤៧ គ្រឿង
  • ប្រទេសឥណ្ឌា៖ ៥៣ ៧៣៨ គ្រឿង
  • ប្រទេសអូស្ត្រាលី៖ ៥១ ៨៤៣ គ្រឿង
  • ប្រទេសអារ៉ាប់រួម៖ ៤៧ ៧១៦ គ្រឿង
  • ប្រទេសអាល្លឺម៉ង់៖ ៤១ ១០៥ គ្រឿង

គួរឲដឹងផងថា ការនាំចេញរថយន្តអគ្គិសនីសុទ្ធ (NEV) របស់ប្រទេសចិនសម្រាប់រយៈពេល ៨ខែដំបូងបានកើនឡើងជាចម្បងនៅក្នុងប្រទេសប្រេស៊ីល បែលហ្សិក ឥណ្ឌូនេស៊ី និងម៉ិកស៊ិក ខណៈទីផ្សារធ្លាក់ចុះគឺ អេស្ប៉ាញ ថៃ ហូឡង់ អូស្ត្រាលី និងស្លូវេនី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម