បើយោងតាមឧស្សាហកម្មរថយន្តនៅក្នុងប្រទេសថៃ បាននិិយាយថា ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ២០២៤ នេះ ប្រទេសថៃបានប្រឈមមុខនឹងការធ្លាក់ចុះ ២៥ភាគរយ ក្នុងការលក់រថយន្ត បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបណ្តាលមកពីលក្ខខណ្ឌកម្ចីតឹងរ៉ឹងរបស់ធនាគារ រួមជាមួយបញ្ហាវិបត្តិសេដ្ឋកិច្ចរបស់ប្រជាជន និងប្រទេសផ្ទាល់តែម្តង។
ចំពោះការលក់រថយន្តនៅចន្លោះខែមករា និងខែកញ្ញា ក្នុងប្រទេសថៃ មានចំនួនប្រហែល ៤៣៨ ០០០ គ្រឿងប៉ុណ្ណោះ ដែលធ្លាក់ចុះ ២៥ភាគរយ ខណៈការលក់នៅក្នុងខែកញ្ញាមានចំនួន ៣៩ ០០០ គ្រឿង ដែលវាជាលើកទី១ ក្នុងរយៈពេល ៥១ខែ ចុងក្រោយ ដែលលក់បានតិចជាងចំនួន ៤ ម៉ឺនគ្រឿង ពោលគឺប្រហាក់ប្រហែលនឹងខែមេសា ឆ្នាំ២០២០ ដែលអាចលក់រថយន្តបានចំនួន ៣០ ១០៩ គ្រឿង ដោយសារតែផលប៉ះពាល់នៃការផ្ទុះឡើងនៃ Covid-19 ។
ក្នុងនោះលោក Surapong Paisitpattanapong អនុប្រធានក្លឹបឧស្សាហកម្មយានយន្តរបស់សហព័ន្ធឧស្សាហកម្មថៃ (FTI) បានរាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្តជាច្រើនបានប្រកាសកាត់បន្ថយសង្វាក់ផលិកម្មរបស់ពួកគេចំនួន ២០ភាគរយ ដោយសារបញ្ហាសេដ្ឋកិច្ចនេះ។
ទន្ទឹមនឹងនេះ ក៏ការចុះឈ្មោះយានយន្តអគ្គិសនីសរុបរយៈពេល ៨ខែ នៃឆ្នាំ២០២៤ នេះ ក្នុងប្រទេសថៃ នៅតែមានការកើនឡើងចំនួន ១៧ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន៕