Jetour ចេញឡានថ្មីប្រភេទ PHEV ចាក់សាំងពេញជិះបានលើស ១ពាន់គីឡូម៉ែត្រ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Jetour ស្ថិតនៅក្រោមក្រុមហ៊ុន Chery បានធ្វើការដាក់បង្ហាញ និងចេញលក់ជាផ្លូវការនៅរថយន្ត Jetour Shanhai Ti ស៊េរីថ្មីចុងក្រោយ ប្រភេទ SUV Off-road ជាមួយតម្លៃលក់ចាប់ពី ២១ ៧០០ ដុល្លារ ដល់ ២៤ ៦០០ ដុល្លារនៅទីផ្សារប្រទេសចិន ។

Jetour Shanhai Ti បំពាក់ម៉ាស៊ីន Plug-in hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ៣០០ សេះ និងកម្លាំងរមួល ៥៣០ ញ៉ូតុនម៉ែត្រ ផ្គួបនឹងអាគុយទំហំ ២៦,៧គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៥០គីឡូម៉ែត្រ ខណៈចាក់សាំងពេញ អាចបើកបរបានដល់ទៅ ១៣០០ គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៧០៦ ម.ម ទទឹង ១ ៩៦៧ ម.ម កំពស់ ១ ៨៤៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨១០ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅមានលក្ខណៈបែបប្រអប់ជ្រុង ដោយមានប៉ាណា និងចង្កៀងមុខជាសណុំតែមួយឌីស្សាញថ្មីប្លែក ព្រមទាំងថាសកង់ទំហំ ១៩អ៉ីញ និងចង្កៀងក្រោយឌីស្សាញដូចគ្នាផ្នែកខាងមុខ ។

ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ​ គាំទ្រដោយឈីប Qualcomm Snapdragon 8155 រួមទាំងកន្លែងសាកថ្មឥតប្រើខ្សែផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម