យោងតាមសមាគមអ្នកចែកចាយរថយន្តចិន (CADA) បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៤ នេះ ទីផ្សាររថយន្តជជុះរបស់ប្រទេសចិនកំពុងមានការរីកចម្រើនយ៉ាងលឿន ពិសេសនៅក្នុងវិស័យរថយន្តថាមពលថ្មី (NEVs) ។
បើរាប់ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំនេះ ប្រទេសចិនបានលក់រថយន្ត NEVs ប្រើប្រាស់រួចសរុបចំនួន ៧៨៩ ៨០០ គ្រឿង កើនឡើង ៥៤ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ហើយរំពឹងថានឹងមានចំនួនលើសពី ១លានគ្រឿងនៅចុងឆ្នាំ២០២៤ នេះ។
គួរឲដឹងថា តម្លៃជាមធ្យមនៃរថយន្ត NEVs ប្រើប្រាស់រួចគឺមានតម្លៃប្រហែល ៨ ០០០ ដុល្លារ ខណៈទីផ្សាររថយន្តជជុះសរុបរបស់ចិន បើរាប់ចាប់ពីខែមករា ដល់ខែកញ្ញា នៃឆ្នាំ២០២៤ នេះ មានចំនួនសរុប ១៤,២១៦៨ លានគ្រឿង កើនឡើង ៥,៣៧ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ស្មើនឹង ១៣០ ពាន់លានដុល្លារ និងមានបំណងលក់រថយន្តជជុះឲបានចំនួន ២០ លានគ្រឿងនៅក្នុងឆ្នាំនេះ។
ទន្ទឹមនឹងនេះ ឧស្សាហកម្មនាំចេញរថយន្តជជុះរបស់ប្រទេសចិនក៏កំពុងមានការកើនឡើងយ៉ាងខ្លាំងផងដែរ បើរាប់ចាប់ពីខែមករា ដល់ខែមិថុនាឆ្នាំនេះ ចិនបាននាំចេញរថយន្តជជុះចំនួន ៣៨ ២៨៦ គ្រឿង កើនឡើង ១៦១,៥ភាគរយ មានតម្លៃសរុបប្រមាណ ៧៥៣,៣៧៥ លានដុល្លារអាមេរិក កើនឡើង ១៥៥,៧ភាគរយ ជាប់ចំណាត់ថ្នាក់លេខ ១ នៅក្នុងប្រទេសចិន៕