កាលពីីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតថ្ម EV ល្បីរបស់ចិន CATL (Contemporary Amperex Technology Co. Ltd.) បានប្រកាសថា ពួកគេកំពុងពិភាក្សាជាមួយរដ្ឋាភិបាលអឺរ៉ុបដើម្បីបង្កើតកន្លែងកែច្នៃថ្មនៅក្នុងតំបន់អឺរ៉ុប។
ចំពោះគម្រោងនេះ ត្រូវបានបង្កើតឡើងដើម្បីគាំទ្រការផលិតថ្មនៅរោងចក្របច្ចេកវិទ្យាថ្មីនៅក្នុងទីក្រុង Debrecen ប្រទេស Hungary ដែលគ្រោងនឹងចាប់ផ្តើមដំណើរការនៅចុងឆ្នាំ២០២៥ ខាងមុខនេះ។
ទន្ទឹមនឹងនេះ CATL ក៏មានគោលបំណងបង្កើតប្រព័ន្ធកែច្នៃឡើងវិញក្នុងតំបន់ ដើម្បីគ្រប់គ្រងប្រព័ន្ធប្រតិបត្តិការបានកាន់តែប្រសើរឡើងដោយពួកគេនឹងវិនិយោគជាមួយក្រុមហ៊ុនក្នុងស្រុក និងសហការជាមួយក្រុមហ៊ុន Guangdong Brunp Recycling Technology Co. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន មានឯកទេសក្នុងការកែច្នៃថ្ម។
សម្រាប់គម្រោងនេះផងដែរ ត្រូវបានរំពឹងថានឹងផលិតថាមពលបាន 40 GWh ក្នុងដំណាក់កាលទីមួយ ហើយនឹងឈានដល់ 100 GWh នាពេលអនាគត ព្រមទាំងបានបង្កើតការងារចំនួន ៣ ០០០ កន្លែង សម្រាប់បុគ្គលិកក្នុងស្រុកទៀតផង។
គួរឲដឹងថា នៅក្នុងប្រទេសចិន ក្រុមហ៊ុន CATL គឺជាក្រុមហ៊ុនឈានមុខគេក្នុងទីផ្សារថ្ម EV ដោយមានទីផ្សារចំនួន ៤២,៨ភាគរយ នៅក្នុងខែតុលា ឆ្នាំ២០២៣ និងបានកើនឡើងដល់ ៥០,៩ភាគរយ នៅក្នុងឆ្នាំ២០២៤ នេះ ដោយពួកគេ មានក្រុមហ៊ុនអតិថិជនអន្តរជាតិដូចជា Tesla, Volkswagen, Mercedes-Benz, Toyota, និង Honda ជាដើម៕