Maxus ប្រកាសចេញឡានភីកអាប់ថ្មី ប្រើម៉ាសុីម៉ាស៊ូត បន្ថែមទៅលើជម្រើស eTerron 9 EV បច្ចុប្បន្ន

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Maxus បានប្រកាសចាប់ផ្តើមសាកល្បងរថយន្តភីកអាប់ Maxus/LDV Terron 9 មុនពេលរៀបចំដាក់បង្ហាញជាផ្លូវការនៅឆ្នាំ២០២៥ នៅក្នុងទីផ្សារប្រទេសអូស្ត្រាលី។

ក្នុងនោះរថយន្ត Maxus/LDV Terron 9 នឹងទទួលបានជម្រើសម៉ាសុីនម៉ាស៊ូតថ្មី បន្ថែមទៅលើជម្រើស eTerron 9 EV ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់ក្នុងទីផ្សារប្រទេសអូស្ត្រាលី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះរថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥ ៥០០ ម.ម ទទឹង ១ ៩៩៧ ម.ម កម្ពស់ ១ ៨៦០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ៣០០ ម.ម ធំជាង Ford Ranger និង Toyota Hilux ដោយផ្តោតលើការរចនាជាសំខាន់សម្រាប់ការដឹងជញ្ជូន។ លើសពីនេះទៅទៀត រថយន្តនេះ ក៏ទទួលបាននូវការរចនាចង្កៀង LED ថ្មី និងប៉ាណាមុខថ្មី ដែលមានទំហំធំ។

ជាមួយគ្នានេះដែរ រថយន្តនេះដំណើរការដោយម៉ាសុីនម៉ាស៊ូតចំណុះ ២,៥ លីត្រ ប្រើប្រាស់ Turbo ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបាន ២២០ សេះ ភ្ជាប់ដោយប្រអប់លេខស្វ័យប្រវត្តិ ៨វគ្គ និងប្រើ 2WD ឬ 4WD។ ខណៈជម្រើស eTerron 9 EV ប្រើប្រាស់នូវម៉ូទ័រអគ្គិសនីចំនួន២ ប៉ុង២ AWD អាចផលិតកម្លាំងបាន ៤៣៦ សេះ។

គួរបញ្ជាក់ផងថា រថយន្ត Terron 9 នឹងចាប់ផ្តើមលក់នៅក្នុងប្រទេសអូស្ត្រាលីក្នុងត្រីមាសទី២ ក្នុងឆ្នាំ២០២៥ ខាងមុខនេះ ប៉ុន្តែតម្លៃមិនទាន់បានប្រកាសនៅឡើយទេ តែអាចសង្ឃឹមថានឹងប្រកួតប្រជែងតម្លៃគ្នាជាមួយនឹងរថយន្តភីកអាប់ដ៏ទៃទៀតរបស់ Ford និង Toyota ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម