[បរទេស] ក្រុមហ៊ុនផលិតរថយន្ត MG បានធ្វើការប្រកាសបញ្ជាក់ថា រថយន្តប្រភេទ SUV ខ្នាតធំ ៧កៅអី MG QS ស៊េរីឆ្នាំ២០២៥ នឹងប្រកាសចេញជាផ្លូវការនៅក្នុងទីផ្សារប្រទេសអូស្ត្រាលីនៅពាក់កណ្ដាលឆ្នាំ២០២៥ ខាងមុខនេះ មុនពេលចេញលក់ជាផ្លូវការនៅចុងឆ្នាំ។
សម្រាប់រថយន្ត MG QS ស៊េរីឆ្នាំ២០២៥ នឹងក្លាយជារថយន្តដែលមានទំហំធំជាងគេ និងជាប្រភេទរថយន្តកៅអី ៣ជួរដំបូងរបស់ MG នៅក្នុងទីផ្សារអូស្ត្រាលី។ ក្នុងនោះ រថយន្តនេះ ត្រូវបានអភិវឌ្ឍន៍ឡើងសម្រាប់ប្រកួតប្រជែងជាមួយ Toyota Kluger, Hyundai Palisade និង Mazda CX-80 ក្នុងនាមជារថយន្ត SUV ៧ កៅអី។
លើសពីនេះទៅទៀត រថយន្ត MG QS នឹងទទួលបានជម្រើសម៉ាសុីនកូនកាត់ Plug-in Hybrid (PHEV) ថ្មី ធ្វើការរួមគ្នារវាងម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ turbocharged ជាមួយនឹងម៉ូទ័រអគ្គិសនីចំនួន១ អាចផលិតកម្លាំងសរុបបានចំនួន ២៩៦ សេះ និងកម្លាំងរមួល ៣៥០ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ២១,៤គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១០០គីឡូម៉ែត្រ ដោយប្រើប្រាស់នូវថាមពលអគ្គិសនីសុទ្ធ នៅលើស្តង់ដារអឺរ៉ុប (WLTP) ។
គួរបញ្ជក់ថា រថយន្ត MG QS នឹងទទួលបានការរចនាឡើងវិញដែលមានលក្ខណៈស្រដៀងនឹង Roewe RX9 មានប្រវែងតួខ្លួនសរុប ៥ ម៉ែត្រ ជាមួយនឹងការផ្លាស់ប្តូរផ្នែកខាងមុខថ្មី និងលក្ខណៈបច្ចេកវិទ្យាបន្ថែម៕