[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Zeekr បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរូបភាពនៃរថយន្តអគ្គិសនីសុទ្ធ Zeekr 007 GT ស៊េរីថ្មីចុងក្រោយ ប្រភេទ wagon គ្រោងនឹងចេញលក់ក្នុងឆមាសទី ២ ឆ្នាំ ២០២៥ នៅទីផ្សារប្រទេសចិន រួមទាំងតំបន់អឺរ៉ុប ។
Zeekr 007 GT ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៦២៥ សេះ ផ្គួបជាមួយអាគុយប្រភេទ NMC Golden battery របស់ Geely សាកថ្មពេញម្តង អាចបើកបរបានចម្ងាយ ៨៧០ គីឡូម៉ែត្រ គាំទ្រដោយប្រព័ន្ធសាកថ្មល្បឿនលឿន 800v High Voltage Platform សាកថ្មតែ ១៥នាទី ក៏អាចបើកបរបានចម្ងាយ ៥០០គីឡូម៉ែត្រផងដែរ ។
សម្រាប់ការឌីស្សាញផ្នែកខាងក្រៅរបស់រថយន្តនេះ មានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED រាងស្លីម ក៏ដូចជាប្រព័ន្ធកាមេរ៉ានៅលើដំបូលខាងមុខ រួមទាំងកាងដែក roof-rails និងប្រើប្រាស់ថាសកង់ស្ព័រទំហំ ២០អ៉ីញជាដើម ។
គួរឲ្យដឹងថា Zeekr 007 GT ស៊េរីថ្មីចុងក្រោយ គ្រោងនឹងបង្ហាញខ្លួននៅឯពិព័រណ៍រថយន្ត Shanghai Auto Show 2025 ដែលគ្រោងនឹងធ្វើឡើងនៅក្នុងខែមេសា ឆ្នាំ ២០២៥ មុនពេលចេញលក់ជាផ្លូវការ ៕