
ក្រុមហ៊ុនជប៉ុន Mitsuoka បានប្រកាសពីការដាក់លក់រថយន្ដ Mitsuoka M55 ទាំង២ម៉ូដែលរបស់ខ្លួន ជាមួយតម្លៃចាប់ពី៥មុឺនដុល្លារ ជាមួយចំនួនកំណត់ត្រឹមតែ២៥០គ្រឿងប៉ុណ្ណោះ។
រថយន្ដ Mitsuoka M55 ត្រូវបង្កើតឡើងផ្អែកតួរថយន្ដ Honda Civic FL1 ហើយរចនារូបរាងដូចទៅនឹង Dodge Challenger ។ រថយន្ដប្រើប្រាស់ម៉ាស៊ីន ១.៥ turbocharged អាចផលិតកម្លាំង ១៨២ សេះ កម្លាំងបង្វិល ២៤០ ញូតុនម៉ែត្រ ភ្ជាប់មកជាមួយប្រអប់លេខដៃ ៦ វគ្គ។
រថយន្ដ Mitsuoka M55 1st Edition បានប្រកាសដាក់លក់ក្នុងតម្លៃចាប់ពី ៥០ ១០០ ដុល្លារ ប្រភេទម៉ាសុីនសាំង ខណៈប្រភេតម៉ាសុីនហាព្រីត (Hybrid) មានតម្លៃ ៥៣ ៨០០ ដុល្លារ ដល់ ៥៥ ៨០០ ដុល្លារ។
ចំពោះម៉ូដែល M55 Zero Edition ដាក់លក់ក្នុងតម្លៃចាប់ពី ៥៣ ៦០០ ដុល្លារ ប៉ុន្តែតម្លៃនឹងកើនឡើង ប្រសិនបើអ្នកបន្ថែមគ្រឿងតុបតែង ដូចជាការបន្ថែមពណ៌ ដោយត្រូវចំណាយបន្ថែម ៣ ៣០០ ដុល្លារ ការបន្ថែមកៅអីស្បែកត្រូវបូកបន្ថែម ៣ ៣០០ដុល្លារ និងការបន្ថែមគ្រឿងតុបតែងខាងបំពាក់ជាមួយកាបូន ត្រូវបន្ថែម ២ ៦០០ ដុល្លារ។
ចំពោះឈ្មោះ (M55) គឺសំដៅទៅលើខួបលើកទី ៥៥ របស់ក្រុមហ៊ុន។ Mitsuoka គ្រោងនឹងដាក់លក់រថយន្ដ M55 Zero Edition នៅខែឧសភា ឆ្នាំ ២០២៥ ខណៈដែល M55 1st Edition នឹងចេញលក់លើទីផ្សារនៅឆ្នាំ ២០២៦។ ក្រុមហ៊ុនក៏បានលើកឡើងផងដែរថា ការកក់ទុកសម្រាប់ម៉ូដែលថ្មីនឹងត្រូវបិទ នៅពេលដែលគ្រប់ត្រឹមចំនូួនកំណត់ត្រឹម ២៥០គ្រឿង។ ដូច្នេះ ប្រសិនបើអ្នកចាប់អារម្មណ៍មើលរថយន្តមួយណា ក្នុងចំណោមរថយន្តទាំងនេះ អ្នកត្រូវធ្វើការសម្រេចចិត្តឲ្យលឿន។