
រថយន្តអគ្គិសនី JMEV 01 ដែលពីមុនត្រូវបានគេស្គាល់ថា SSC SC-01 ត្រូវបានដាក់លក់នៅប្រទេសចិនក្នុងតម្លៃ ២២៩ ៨០០ យ័ន ឬស្មើនិង ៣១ ៥៣៥ ដុល្លារ។
រថយន្ត roadster ម៉ូដែល SC-01 ត្រូវបានបង្ហាញខ្លួនដំបូងក្នុងឆ្នាំ ២០២២ ជារថយន្ត EV ទម្ងន់ស្រាលដែលបង្កើតឡើងដោយក្រុមហ៊ុនទើបចាប់ផ្តើមកែច្នៃរថយន្តឈ្មោះ Tianjin Gongjiangpai Auto Technology (TGAT)។ ស្ថាបនិកក្រុមហ៊ុននេះគឺលោក Feng Xiaotong ដែលមាន channel YouTube ឈ្មោះ China Car Customs។ គួរឲ្យចាប់អារម្មណ៍ ក្រុមហ៊ុននេះមានទំនាក់ទំនងជាមួយ Xiaomi ខណៈក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះបានបណ្តាក់ទុនរាប់សិបលានយ័ននៅក្នុងក្រុមហ៊ុនមួយនេះ។
JMEV 01 មានប្រវែងតួខ្លួនសរុប ៤ ១០៦មម ទឹទឹង ១ ៨៣០មម កម្ពស់១ ១៧០ មម មានគម្លាតកង់មុខក្រោយ ២ ៥០៣ មមនិងទម្ងន់ត្រឹមតែ ១ ៣៦៥ គីឡូក្រាម។ កង់របស់រថយន្ដនេះធ្វើពីអាលុយមីញ៉ូម និងម៉ាញេស្យូម ហើយមានទម្ងន់ ៥.៩ គីឡូក្រាម។ ចំណែកបូមខាងមុខនិងខាងក្រោយប្រើប្រាស់បូម double wishbone។ JMEV 01 ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួូន២ អាចផលិតកម្លាំងបាន ៤៣៥ សេះ កម្លាំងរមួល ៥៦០ញ៉ូតុនម៉ែត្រ។
រថយន្ដនេះបំពាក់មកជាមួយអាគុយ ternary NMC ទំហំ ៦០kWh ផលិតដោយក្រុមហ៊ុន CALB អាចបើកបរបានចម្ងាយរហូតដល់ ៥០០គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC។ រថយន្ដនេះមិនបានភ្ជាប់មកជាមួយការសាកថ្មល្បឿនលឿន វាសាកពី ៣០% ទៅ ៨០% ប្រើពេល ៣៦នាទី។ រថយន្ត JMEV 01 អាចជាន់ស្ទុះពីកុងទ័រ ១-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ចាយពេលត្រឹមតែ ២.៩វិនាទី និងអាចបើបានដល់ល្បឿន ២០០គីឡូម៉ែត្រក្នុងមួយម៉ោង។
រថយន្ត JMEV 01 គឺជារថយន្ត roadster ទ្វារពីរ ដែលមានការរចនាខាងក្រៅយកគំរូតាមរថយន្ត Ferrari។ លក្ខណៈពិសេសចម្បងរបស់គឺបំពាក់មកជាមួយគ្រោងឆ្អឹងដែករាងបំពង់ (tube frame) នេះហើយជាមូលហេតុធ្វើឲ្យវាមានទម្ងន់ស្រាល។ រថយន្ដបានបំពាក់ជាមួយ ដៃចង្កូតអាលុយមីញ៉ូម និងឌីសហ្វ្រាំងទំហំ ៣៦០ ម.ម។ ចំពោះផ្នែកខាងក្នុងរថយន្ដរបស់ JMEV 01 គឺសាមញ្ញណាស់ ដោយមិនមានបំពាក់មកជាមួយអេក្រង់កម្សាន្ដធំៗ ដែលកំពុងពេញនិយមនៅប្រទេសចិនឡើយ។
កៅអីអង្គុយបានរចានបែបស្ព័រពីរធ្វើពី carbon fiber ជាមួយនឹងកន្លែងដាក់ក្បាល។ កុងសូលកណ្ដាលប្រើប្រព័ន្ធគ្រប់គ្រង AC បែប physical (ប៊ូតុងចុច) ខណៈប៊ូតុងជាច្រើនទៀតត្រូវបានបំពាក់នៅលើពិដានរថយន្ត រួមទាំងប៊ូតុងបញ្ជាកម្រិតសំឡេង៕