
ក្រុមហ៊ុន Xpeng បានដាក់បង្ហាញមនុស្សយន្តដូចមនុស្ស (humanoid robot) ចុងក្រោយបង្អស់របស់ខ្លួនឈ្មោះ Iron នៅក្នុងពិព័រណ៍រថយន្តសៀងហៃឆ្នាំ ២០២៥។ មនុស្សយន្ដនេះ ដំណើរការដោយបន្ទះឈីប AI Turing ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Xpeng។
តាមការឲ្យដឹងពីក្រុមហ៊ុន Xpeng មនុស្សយន្ត Iron កំពុងដំណើរការរួចជាស្រេចនៅលើខ្សែសង្វាក់ផលិតកម្មរថយន្តរបស់ខ្លួន ក្នុងការជួយដំឡើងរថយន្តអគ្គិសនីជំនាន់ក្រោយរបស់ពួកគេ។ មនុស្សយន្ត Iron មានកម្ពស់ ១,៧៣ ម៉ែត្រ និងទម្ងន់ ៧០ គីឡូក្រាម ហើយត្រូវបានរចនាឡើងដូចទៅនឹងសមាមាត្ររបស់មនុស្សពិត។ ដៃរបស់វាត្រូវបានបង្កើតឡើងតាមមាត្រដ្ឋាន 1:1 scale ជាមួយនឹងកម្រិតនៃសេរីភាព ២២ដឺក្រេ (degrees of freedom) អនុញ្ញាតឲ្យវាចាប់កាន់វត្ថុបានយ៉ាងងាយនិងបត់បែនបានល្អ។
តាមការឲ្យដឹងពីក្រុមហ៊ុន Xpeng ចលនាដ៏ទំនើបរបស់មនុស្សយន្ត Iron គឺដំណើរការដោយ end-to-end large models និង reinforcement learning ដែលអាចឲ្យវាធ្វើចលនាបានរលូន ធម្មជាតិ និងដើរបានដោយគ្មានភាពរឹងហើយពិបាកបត់បែន ដូចទៅនិងមនុស្សធយន្តជំនាន់មុនៗនោះទេ។
ប្រព័ន្ធឆ្លើយតបដោយសំឡេងរបស់មនុស្សយន្ត Iron ត្រូវបានកែសម្រួលពីប្រព័ន្ធ smart cockpit របស់ក្រុមហ៊ុន Xpeng ដែលអនុញ្ញាតឲ្យមានការសន្ទនាបែបធម្មជាតិ តាមរយៈការគិតពិចារណាសកម្ម និងការគិតតាមតក្កវិជ្ជា។ វាក៏រួមបញ្ចូលទាំងបច្ចេកវិទ្យាបើកបរដោយខ្លួនឯងរបស់ក្រុមហ៊ុន Xpeng ដោយប្រើប្រាស់ប្រព័ន្ធ AI ស្នូលដូចគ្នាទៅនឹងរថយន្តអគ្គិសនីរបស់ម៉ាកយីហោនេះ ដែលជាការភ្ជាប់គម្លាតរវាងប្រព័ន្ធអេកូឡូស៊ីរថយន្ត និងមនុស្សយន្ត។
សម្រាប់ប្រព័ន្ធដំណើរការខាងក្នុង មនុស្សយន្ត Iron ដំណើរការលើ «បន្ទះឈីប AI Turing» របស់ក្រុមហ៊ុន Xpeng និងប្រព័ន្ធ Software «Tianji AIOS» សហការផលិតរួមគ្នា ដើម្បីផ្តល់នូវភាពវៃឆ្លាតកម្រិតខ្ពស់ សម្រាប់ការយល់ដឹង (perception) ចលនា (movement) និងអន្តរកម្ម (interaction)។ ក្រុមហ៊ុនXpeng អះអាងថា ប្រព័ន្ធរបស់មនុស្សយន្ត Iron ឥឡូវនេះមានថាមពលដំណើរការ (processing power) រហូតដល់ ៣.០០០ TOPS។
ប្រព័ន្ធចក្ខុវិស័យ «Eagle Eye» របស់មនុស្សយន្តនេះ ដំណើរការដោយកាមេរ៉ាទំនើបៗ ដើម្បីធានាបាននូវការយល់ដឹងពីបរិយាកាសជុំវិញបានយ៉ាងជាក់លាក់ និងសមត្ថភាពក្នុងការសម្រេចចិត្ត។ ក្រុមហ៊ុនរំពឹងថាពេលអនាគតមនុស្សយន្ដ Iron នឹងក្លាយជាជំនួយការផ្ទាល់ខ្លួន (personal assistant) សម្រាប់ដោះស្រាយកិច្ចការងារ ដូចជាការគ្រប់គ្រង ការផ្ដល់សេវាកម្មជូនអតិថិជន នៅតាមហាងលក់ទំនិញ ការិយាល័យ និងនៅតាមផ្ទះផងដែរ៕