
សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានប្រកាសចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយ ដោយមានការចូលរួមប្រកាសពីប្រធានាធិបតី Donald Trump និងនាយករដ្ឋមន្ត្រី Keir Starmer ដើម្បីកាត់បន្ថយពន្ធនាំចូលរថយន្តពីអង់គ្លេសទៅអាមេរិក។
ក្នុងនោះ រាល់រថយន្ត ១០០ ០០០ គ្រឿងដំបូង ដែលនាំចូលពីចក្រភពអង់គ្លេសទៅអាមេរិកនឹងត្រូវផ្ដល់ពន្ធត្រឹមតែ ១០% ប៉ុណ្ណោះ ប៉ុន្តែចំនួនផ្សេងទៀតដែលត្រូវនាំចូលបន្ថែមនឹងនៅតែបង់ពន្ធ ២៥% ដដែល។ ចំពោះការប្រកាសនេះ បានធ្វើឲក្រុមហ៊ុនរថយន្តអង់គ្លេសជាច្រើនដូចជា Jaguar Land Rover, Mini, Bentley, McLaren និង Rolls-Royce មានភាពភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែពួកគេអាចនាំចេញរថយន្តបានច្រើនជាងមុន ប៉ុន្តែត្រូវចំណាយលើការបង់ពន្ធតិចជាងមុន។
ទោះបីជាការបញ្ចុះពន្ធនេះមានផលល្អសម្រាប់ចក្រភពអង់គ្លេសក៏ដោយ ក៏ក្រុមហ៊ុនផលិតរថយន្តអាមេរិកជាច្រើនបានបង្ហាញការខកចិត្ត និងការមិនពេញចិត្តជាច្រើនផងដែរ ដោយពួកគេអះអាងថា កិច្ចព្រមព្រៀងនេះបានផ្តល់អត្ថប្រយោជន៍លើសលប់ដល់ក្រុមហ៊ុនអង់គ្លេស ខណៈដែលក្រុមហ៊ុននៅកាណាដា និងម៉ិកស៊ិកវិញដែលជាដៃគូសេដ្ឋកិច្ចដ៏ជិតស្និទ្ធមិនទទួលបានអត្ថប្រយោជន៍ដូចគ្នានេះសោះ និងបារម្ភថារថយន្តអង់គ្លេសគឺអាចមានតម្លៃថោកជាងរថយន្តដែលផលិតនៅក្រោមសន្ធិសញ្ញា USMCA ៕
គួរបញ្ជាក់ថា បើទោះបីជាមានការរិះគន់លើកិច្ចព្រមព្រៀងនេះក៏ដោយ ក៏ការបញ្ចុះពន្ធនេះត្រូវបានគេអះអាថផងដែរថានឹងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ ជួយលើកស្ទួយវិស័យផលិតរថយន្ត និងកសិកម្មរបស់ប្រទេសទាំងពីរយ៉ាងមាននិរន្តរភាពផងដែរ៕