
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Leapmotor បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនី Leapmotor C10 ស៊េរីថ្មីចុងក្រោយ ទទួលបានការអាប់ដេតបន្ថែម នៅទីផ្សារប្រទេសចិនជាមួយតម្លៃលក់ចាប់ពី ១៧ ០០០ ដុល្លារ ដល់ ១៩ ៨០០ ដុល្លារ ។
Leapmotor C10 ផលិតឡើងនៅលើគ្រោងឆ្អឹង Leap 3.0 architecture ផ្តល់នៅជម្រើសថាមពលចំនួន ២ រួមមាន
- ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៩៥ សេះ ផ្គួបជាមួយអាគុយទំហំ ៧៤,៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦០៥ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ទទួលបានប្រព័ន្ធសាកថ្មល្បឿនលឿន 800V high-voltage system ដោយការសាកថ្មចាប់ពី ៣០-៨០% ប្រើរយៈពេល ១៦នាទីប៉ុណ្ណោះ សម្រាប់ម៉ូដែល EV
- ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២២៨ សេះ ផ្គួបជាមួយអាគុយទំហំ ២៨,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៤០ គីឡូម៉ែត្រ ដោយប្រើថាមពលអគ្គិសនីសុទ្ធ ខណៈ នៅពេលសាកថ្មពេញ ជាមួយចាក់សាំងពេញ ៥០លីត្រ អាចបើកបរបានចម្ងាយ ១ ០២០ គីឡូម៉ែត្រ ។
សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ មានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងថាសកង់ស្ព័រទំហំ ២០អ៉ីញ ក៏ដូចជាប្រព័ន្ធចាប់សញ្ញា LiDAR នៅខាងមុខ ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរ ADAS កម្រិតទី៣ ផងដែរ ។
ចំពោះនៅផ្នែកខាងក្នុង មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្តទំហំ ១៤,៦ អ៊ីញ គាំទ្រដោយឈីប Qualcomm Snapdragon 8295 កន្លែងសាកថ្មអត់ប្រើខ្សែ ខណៈកៅអីខាមុខអាចបត់បាន ១៨០ ដឹក្រេជាដើម ៕