Hyundai នឹងបើករោងចក្រដំបូងបង្អស់របស់ខ្លួននៅមជ្ឈិមបូព៌ាក្នុងប្រទេសអារ៉ាប៊ីសាអូឌីត

ក្នុងពេលថ្មីៗនេះ ក្រុមហ៊ុន Hyundai បានប្រកាសឲដឹងថា ពួកគេនឹងបើកនូវរោងចក្រផលិតរថយន្តថ្មីមួយដែលជារោងចក្រដំបូងបង្អស់របស់ខ្លួនក្នុងតំបន់មជ្ឈិមបូព៌ាដែលស្ថិតនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។

ក្នុងនោះ រោងចក្រនេះ នឹងមានឈ្មោះថា Hyundai Motor Manufacturing Middle East (HMMME) ប៉ុន្តែកាន់កាប់ភាគហ៊ុនដោយក្រុមហ៊ុន Hyundai ចំនួន ៣០% តែប៉ុណ្ណោះ និងមូលនិធិវិនិយោគសាធារណៈរបស់អារ៉ាប៊ីសាអូឌីតចំនួន ៧០% ហើយសាងសង់ឡើងនៅក្នុងទីក្រុងសេដ្ឋកិច្ច King Abdullah និងគ្រោងបើកដំណើរការនៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៦ ខាងមុខ មានសមត្ថភាពផលិតរថយន្តប្រចាំឆ្នាំដល់ទៅ ៥០ ០០០ គ្រឿង (ទាំងរថយន្តអគ្គិសនីសុទ្ធ និងចំហេះក្នុង)។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲដឹងថា ប្រទេសអារ៉ាប៊ីសាអូឌីត បានក្លាយខ្លួនជាគោលដៅដ៏សំខាន់មួយក្នុងតំបន់មជ្ឈិមបូព៌ាសម្រាប់ក្រុមហ៊ុនផលិតរថយន្តអន្តរជាតិធំៗជាច្រើនចូលមកវិនិយោគ និងបើករោងចក្រ តួយ៉ាងដូចជាក្រុមហ៊ុន Lucid និង Hyundai អញ្ជឹង ប៉ុន្តែវាក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្រ Vision 2030 របស់អារ៉ាប៊ីសាអូឌីត ដើម្បីបង្វិលសេដ្ឋកិច្ចឲ្យមានភាពប្រសើរឡើងក្នុងវិស័យផ្សេងៗក្រៅពីប្រេងផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម