Buick Electra E5 សាកតែ១០នាទី បើកបាន ២១០គ.ម ដាក់លក់នៅចិនតម្លៃជាង២ម៉ឺនដុល្លារ

ក្រុមហ៊ុន Buick បានប្រកាសជាផ្លូវការនូវរថយន្ត SUV អគ្គិសនី Electra E5 ជំនាន់ថ្មីរបស់ខ្លួននៅក្នុងប្រទេសចិន ដាក់លក់ក្នុងតម្លៃចន្លោះពី ១៦៩ ៩០០ ដល់ ១៨៩ ៩០០យន់ ស្មើនិង ២៣ ៦០០ ដល់ ២៦ ៤០០ដុល្លារ។

រថយន្ដនេះផ្ដល់រយៈចម្ងាយបើកបរបីជម្រើសក្នុងនោះរួមមាន៖ ៥១៥ គីឡូម៉ែត្រ ៥៤៥ គីឡូម៉ែត្រ និង ៦២០ គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC។ រថយន្តម៉ូឌែលថ្មី ទទួលបានការអាប់ដេតបន្ថែមចំនួន ៤៧ ចំណុច បើធៀបនឹងជំនាន់មុន។ រថយន្ត Electra E5 មានប្រវែងតួខ្លូនសរុប ៤ ៨៩២មម ទទឹង ១ ៩០៥មម កម្ពស់ ១ ៦៨១មម និងមានប្រវែងគម្លាតកង់មុខក្រោយ ២ ៩៥៤មម។

ការអាប់ដេតដែលគួរកត់សម្គាល់រថយន្ដនេះផលិតឡើងលើគ្រោងឆ្អឹង Ultium 2.0 multi-drive បំពាក់ជាមួយម៉ូទ័រអគ្គិសនីខាងមុខ  អាចផលិតកម្លាំងបាន ២៤១សេះ កម្លាំងរមួល ៣៣០ញូតុនម៉ែត្រ។ រថយន្ដអាចបើកបរក្នុងល្បឿនអតិបរមា ១៨០គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចជាន់ស្ទុះពីកុងទ័រ ០ ទៅ ១០០ គីឡូម៉ែត្រ ចាយពេលត្រឹមតែ ៧.៤ វិនាទី។ រថយន្ត Electra E5 បំពាក់មកជាមួយរបៀបនៃការបើកបរចំនួនបួនរួមមាន៖ comfort, sport, anti-slip) និង personalized។ ខាងក្រោមនេះជាព័ត៌មានអំពីទំហំអាគុយនិងរយៈចម្ងាយបើកបរទាំង៣ប្រភេទរបស់រថយន្ដនេះ៖

  • រថយន្ដ Electra E5 បើកបាន ៥១៥ គីឡូម៉ែត្រ៖ ប្រើប្រាស់អាគុយ lithium iron phosphate ទំហំ ៦៥ គីឡូវ៉ាត់ម៉ោង មានកម្រិតសុីថាមពលចំនួន ១៣.៧ គីឡូវ៉ាត់ម៉ោង ក្នុង ១០០គីឡូម៉ែត្រ។
  • រថយន្ដ Electra E5 បើកបាន ៥៤៥ គីឡូម៉ែត្រ៖ ប្រើប្រាស់អាគុយ ternary lithium ទំហំ ៦៨.៤ គីឡូវ៉ាត់ម៉ោង មានកម្រិតសុីថាមពលចំនួន ១៣.៥ គីឡូវ៉ាត់ម៉ោង ក្នុង ១០០ គីឡូម៉ែត្រ។
  • រថយន្ដ Electra E5  បើបាន ៦២០ គីឡូម៉ែត្រ៖ ប្រើប្រាស់អាគុយ lithium iron phosphate Ultium CTP (Cell-to-Pack) ទំហំ ៧៦.៨ គីឡូវ៉ាត់ម៉ោង ដែលត្រូវបានអភិវឌ្ឍរួមគ្នាដោយ SAIC-GM និង CATL មានកម្រិតសុីថាមពលចំនួន ១៣.៤ គីឡូវ៉ាត់ម៉ោង ក្នុង ១០០ គីឡូម៉ែត្រ។

ជាពិសេស សម្រាប់ម៉ូឌែលអាចបើកបរបានរយៈចម្ងាយ  ៦២០គីឡូម៉ែត្រ សាកថ្មតែ ១០នាទី អាចបើកបានចម្ងាយ ២១០គីឡូម៉ែត្រ ហើយភ្ជាប់មកជាមួយប្រព័ន្ធគ្រប់គ្រងអាគុយ “AI” នេះបើយោងតាមការបញ្ជាក់របស់ផ្លូវការ។

ផ្នែកខាងក្នុងមិនមានការកែប្រែច្រើនទេ ប៉ុន្តែបានភ្ជាប់មកជាមួយប្រព័ន្ធគ្រប់គ្រងឆ្លាតវៃ eConnect ថ្មី។ អ្វីដែលពិសេសនៅផ្នែកខាងក្នុង រថយន្ដនេះបានបំពាក់មកជាមួយអេក្រង់កោងទំហំ ៣០ អុីញ កម្រិត 6K ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8155 សម្រាប់គ្រប់ម៉ូឌែលទាំងអស់។

ចំពោះឧបករណ៍បំពងសម្លេងរថយន្ដនេះមានជម្រើសបំពាក់មកជាមួយ Speker ចំនួន ៨ ឬ ១៤ គ្រាប់ អាស្រ័យលើតាមម៉ូឌែល។ មានតែម៉ូដែលលំដាប់ខ្ពស់បំផុតប៉ុណ្ណោះ បំពាក់មកជាមួយ Speker Bose Centerpoint។ ខណៈឃ្លុបខាងក្រោយមានចំណុះស្តង់ដារ ៥០២លីត្រ ហើយអាចពង្រីកដល់ ១.៦៥៨លីត្រ បន្ទាប់ពីបត់កៅអីជួរទីពីរចុះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម