
Tesla Model Y ជារថយន្តដែលលក់ដាច់បំផុតនៅប្រទេសចិនកាលពីឆ្នាំមុន ដោយលក់សរុបបានចំនួន ៤៨០ ៣០៩គ្រឿង។ កាលពីខែមុន រថយន្ដនេះបានដណ្តើមយកតំណែងជារថយន្ត SUV លក់ដាច់បំផុតប្រចាំខែឧសភានៅទីផ្សារប្រទេសចិន។ ប៉ុន្តែបើគិតពីការលក់សរុប តាំងពីខែ មករា ដល់ ឧសភា មានធ្លាក់ចុះ ២៤% បើធៀបទៅឆ្នាំមុន មូលហេតុដោយសារបច្ចុប្បន្នទីផ្សារកាន់ប្រកួតប្រជែងខ្លាំង។
ខាងក្រោមនេះជារថយន្ដរបស់ចិន៤ម៉ូឌែល ដែលគេចាត់ថាជាគូប្រជែងរបស់ Tesla ត្រៀមដាក់លក់នៅចិន៖
Xiaomi YU7 : ជារថយន្ត SUV អគ្គិសនីរបស់ Xiaomi ដែលនឹងចាប់ផ្តើមដាក់លក់នៅថ្ងៃទី ២៦ ខែមិថុនា។ វាត្រូវបានគេរំពឹងថានឹងមានលក្ខណៈពិសេសល្អជាង Model Y ផ្ដល់ជូនរយៈចម្ងាយនៃការបើកបរឆ្ងាយជាង និងការសាកថ្មលឿន។ តម្លៃរបស់រថយន្ដនេះត្រូវបានគេរំពឹងថាមានតម្លៃខ្ទង់ ២៥០ ០០០ យន់ ឬស្មើនិង ៣៤ ៩០០ ដុល្លារ។
Xpeng G7 : ជារថយន្ត SUV មួយទៀតពី Xpeng បានចាប់ផ្តើមបើកការកក់ទុកមុននៅថ្ងៃទី ១១ ខែមិថុនា ហើយបានទទួលការកក់ ១០ ០០០ គ្រឿងក្នុងរយៈពេល ៤៦ នាទី។ រថយន្ដមានតម្លៃលក់មុនគឺ ២៣៥ ៨០០ យន់ ស្មើនិង ៣២ ៥០០ដុល្លា។ រថយន្ដនេះត្រូវបានគេដឹងថាមានបច្ចេកវិទ្យាឆ្លាតវៃខ្ពស់។
Onvo L90 : ជារថយន្ត SUV ធំទំហំ ៦ ឬ ៧ កៅអី ម៉ាកឃីហោ Onvo ស្ថិតក្រោមក្រុមហ៊ុន Nio។ វាត្រូវបានគេរំពឹងថានឹងដាក់លក់នៅសប្តាហ៍ទី ២ នៃខែកក្កដា។ បច្ចុប្បន្ន Onvo លក់រថយន្តតែមួយគត់គឺ L60 ត្រូវបានដាក់លក់កាលពីខែកញ្ញាឆ្នាំមុន។ យ៉ាងមិញចំពោះតម្លៃរបស់ L90 ក្រុមហ៊ុនមិនទាន់បានបញ្ជាក់ជាផ្លូវការនៅឡើយទេ។
Li Auto i8 : ជារថយន្ត SUV អគ្គិសនីទាំងស្រុងទី ២ របស់ Li Auto ដែលនឹងដាក់លក់នៅចុងខែកក្កដា។ វាជាប្រភេទរថយន្ត SUV ដ៏ប្រណិត ដែលមានកម្លាំងខ្លាំង រួមបញ្ចូលជាមួយរយៈចម្ងាយបើកបរកាន់តែឆ្ងាយ។
នៅប្រទេសចិន រថយន្ត Tesla Model Y បានដាក់ក្នុងតម្លៃ ២៦៣ ៥០០យន់ ឬស្មើនិង ៣៦ ៧៤០ដុល្លារ សម្រាប់ម៉ូឌែល RWD បំពាក់មកជាមួយអាគុយទំហំ ៦២.៥ kWh អាចបើកបរបាន ៥៩៣ គីឡូម៉ែត្រ តាមស្តង់ដារវាស់ចម្ងាយ CLTC ៕