Nio នឹងប្រកាសចេញលក់ ES8 ជំនាន់ទី ៣ របស់ខ្លួននៅក្នុងពេលឆាប់ៗនេះ!

បន្ទាប់ពីធ្វើការរង់ចាំអស់រយៈពេលជាយូរ ពេលនេះ រូបរាងផ្លូវការរបស់រថយន្ត SUV ដ៏មានឥទ្ធិពលរបស់ក្រុមហ៊ុន Nio គឺ Nio ES8 ជំនាន់ទី ៣ ត្រូវបានបង្ហាញចេញជាផ្លូវការនៅក្នុងប្រទេសចិនហើយ ហើយ Nio ES8 ជំនាន់ទី ៣ នេះគឺអាចនិយាយបានថាជារថយន្តជំនាន់ថ្មីបំផុតហើយ បន្ទាប់ពីជំនាន់ដំបូងវាដែលបានប្រកាសចេញលក់នៅក្នុងឆ្នាំ ២០១៧ ។

ក្នុងនោះ រូបរាងផ្លូវការរបស់រថយន្តនេះ គឺត្រូវបានបង្ហាញចេញដោយក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន (MIIT) របស់ប្រទេសចិនផ្ទាល់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយនឹងការរចនាឡើងវិញដ៏ទាន់សម័យ រថយន្តសេរ៊ីថ្មីនេះក៏ទទួលបាននូវការរចនាជាមួយទំហំធំជាងមុនផងដែរ ដោយវាមានប្រវែងតួខ្លួនសរុប ៥ ២៨០ ម.ម ទទឹង ២ ០១០ ម.ម កម្ពស់ ១ ៨០០ ម.ម និងប្រវែងគម្លាតកង់ ៣ ១៣០ ម.ម។ វាដំណើរការដោយម៉ូទ័រអគ្គីសនីចំនួន ២ ប៉ុង ២ (AWD) អាចផលិតកម្លាំងសរុបបានចំនួន ៦៩៧សេះ មានល្បឿនអតិបរមា ២២០គីឡូម៉ែត្រ ក្នុងមួយម៉ោង។

លើសពីនេះទៀត វាក៏គាំទ្រនូវការរសាកថ្មល្បឿនលឿន (5C) ដែលជិះបានចម្ងាយ ២៥០ គីឡូម៉ែត្រ ដោយគ្រាន់តែសាកក្នុងរយៈពេលត្រឹមតែ ៥ នាទី ប៉ុណ្ណោះ។

គួរបញ្ជាក់ថា ES8 ថ្មីនេះ ក៏ទទួលបាននូវជម្រើស ៦ និង ៧ កៅអី រួមជាមួយនឹងប្រព័ន្ធរ៉ាដាជុំវិញរថយន្តសម្រាប់ជំនួយដល់ការបើកឲកាន់តែប្រសើរឡើងផងដែរ ហើយគ្រោងនឹងប្រកាសចេញលក់ជាផ្លូវការនៅក្នុងពេលឆាប់ៗខាងមុខនេះនៅក្នុងទីផ្សារប្រទេសចិន ខណៈព័ត៌មានលម្អិតផ្សេងៗ និងតម្លៃមិនទាន់បង្ហាញចេញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម