
រថយន្តប្រភេទ Plug-in Hybrid ម៉ូឌែល Lynk & Co 10 EM-P របស់ក្រុមហ៊ុន Geely បានបង្ហាញរូបភាពជាផ្លូវការហើយ មុនពេលការដាក់លក់ជាផ្លូវការនៅចិន។ រថយន្តនេះនឹងមានវត្ដមានចូលទីផ្សារនៅក្នុងស្រុកនៅត្រីមាសទី ៣ ឆ្នាំ២០២៥។
Lynk & Co 10 EM-P ជារថយន្តប្រភេទ Plug-in Hybrid មានលក្ខណៈស្រដៀងនឹងរថយន្តអគ្គិសនី Z10 BEV Sedan ដែលបានដាក់លក់នាពេលកន្លងមក។ អ្វីដែលចាប់អារម្មណ៍ខ្លាំងរថយន្ដបានប្រើប្រាស់ទឹកថ្នាំប្រភេទ Xirallic ដែលជាទឹកថ្នាំល្បីល្បាញ ដោយសារតែវាមានពន្លឺភ្លឺចែងចាំង និងពណ៌ស្រស់ស្អាត បន្ថែមជាមួួយបន្ទះអាលុយមីញ៉ូមអុកស៊ីតឆ្លុះបញ្ចាំងពន្លឺ។
រថយន្តនេះមានបំពាក់កង់ទំហំ ២១ អុីញបែប multi-spoke two-tone និងដំបូលពណ៌ខ្មៅ។ ផ្នែកខាងក្រៅមានលក្ខណៈពិសេសផ្សេងទៀតដូចជា ផ្នែកខាងមុខរចនារាងស្រួច, ដៃទ្វាររាបស្មើ និងកាងក្រោយរលោងហើតប្រណីត។ ផ្នែកខាងមុខរបស់ Lynk & Co 10 EM-P បំពាក់ជាមួយរ៉ាដា mm-wave ខណៈនៅលើដំបូលបំពាក់ជាមួយឧបករណ៍ចាប់សញ្ញា LiDAR។
យោងតាមមន្រ្ដីជំនាញរបស់ក្រុមហ៊ុន Lynk & Co បានបញ្ជក់ឲ្យដឹងថា រថយន្តម៉ូឌែលនេះ ប្រើប្រាស់ការរួមបញ្ចូលគ្នានៃម៉ាស៊ីនសាំងចំណុះ ១.៥ លីត្រ ជាមួយនឹងប្រព័ន្ធបើកបរ DHT Evo ដំណើរការដោយម៉ូទ័រអគ្គិសនី នៅខាងក្រោយ។ រថយន្ត Lynk & Co 10 EM-P អាចផលិតកម្លាំងបាន ៥២៣សេះ នេះហើយជាចំណុចទាក់ចិត្តខ្លាំង ដោយសារតែជាឡានជួយសន្សំសំចៃដោយដំណើរដោយប្រព័ន្ធ Plug-in Hybrid ហើយមានម្លាំងខ្លាំងទៀត។
ទោះបីជារថយន្តប្រភេទ Seden មែនប៉ុន្តែ Lynk & Co 10 EM-P មានទំហំរាងទូលាយគ្រាន់បើ ដោយមានប្រវែងតួខ្លួនសរុប ៥ ០៥០ម.ម ទទឹង ១ ៩៦៦ កម្ពស់ ១៤៨៧មម និងមានប្រវែងកង់មុខក្រោយ ៣ ០០៥មម។ យ៉ាងណាចំពោះព័ត៌មានលម្អិតនិងតម្លៃរបស់រថយន្ដមិនទាន់បានបង្ហាញជាផ្លូវការនៅឡើយទេ៕