
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ferrari បានធ្វើការដាក់បញ្ចេញជាផ្លូវការនៅរថយន្ត Supercar ម៉ូដែលថ្មីមានឈ្មោះថា Ferrari Amalfi ស៊េរីថ្មីចុងក្រោយ មានតម្លៃលក់ចាប់ពី ២៨៣ ០០០ ដុល្លារ ដើម្បីជំនួសរថយន្ត Supercar Ferrari Roma ដែលបង្ហាញខ្លួនត្រឹមតែ ៥ឆ្នាំប៉ុណ្ណោះ ។
សម្រាប់ឈ្មោះ Amalfi ជាឈ្មោះទីក្រុងឆ្នេរសមុទ្រដ៏ល្បីល្បាញមួយនៅភាគខាងត្បូងប្រទេសអ៉ីតាលី ដំណើរការដោយម៉ាស៊ីន V8 ចំណុះ ៣,៩ លីត្រ ជំនួយដោយ Twin-turbo អាចផលិតកម្លាំងបានដល់ទៅ ៦៤០ សេះ និងកម្លាំងរមួល ៧៦០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ ៨វគ្គ ប្រភេទ F1 DCT dual-clutch និងអាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រ ប្រើពេល ៣,៣ វិនាទី ជាមួយ Top-speed ៣២០ គីឡូម៉ែត្រ/ម៉ោង ។
សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ ទទួលបានភាសារចនាចុងក្រោយបង្អស់របស់ក្រុមហ៊ុន Ferrari Styling Center ដែកបានបំផុសគំនិតដោយទីក្រុងរ៉ូម ប៉ុន្តែត្រូវបានផ្លាស់ប្តូរទៅជារចនាបថសហសម័យ និងមានរូបរាងយ៉ាងប្រណិត ផ្តោតសំខាន់ទៅលើប្រព័ន្ធជ្រែកខ្យល់ Aerodynamic ដែលមានគម្របម៉ាស៊ីនរាងចោត ក៏ដូចជាកាងជ្រែកខ្យល់ បន្ថែមជាមួយប៉ាណារាងជាសំណាញ់ និងចង្កៀងមុខ LED ឌីស្សាញរាងស្រួច ព្រមទាំងប្រើប្រាស់ដៃទ្វារ Flush-door ថាសកង់ស្ព័រទំហំដល់ទៅ ២០អ៉ីញ បំពង់ស៊ីមាំងចំនួន ៤ និងកាង Spoiler បើក-បិទដោយអូតូនៅពេលឈានទៅដល់ល្បឿនកំណត់ ។
ចំពោះនៅផ្នែកខាងក្នុង ទទួលបានកៅអីស្ព័រស្រោបដោយស្បែកចំនួន ២ ក៏ដូចជាកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១៥,៦ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៉ីញ រួមទាំងអេក្រង់សម្រាប់អ្នកដំណើរទំហំ ៨,៨ អ៉ីញ និងដៃចង្កូតឌីស្សាញថ្មីផងដែរ ៕