រថយន្ដ PHEV Jetour Shanhai L7 Plus នឹងបើកទទួលការបញ្ជាទិញកក់មុនក្នុងពេលឆាប់ៗនេះ

ក្រុមហ៊ុន Jetour ដែលជាម៉ាករងរបស់ក្រុមហ៊ុន Chery គ្រោងនឹងដាក់លក់រថយន្ត SUV ថ្មីរបស់ខ្លួនគឺម៉ូឌែល Shanhai L7 Plus ដោយនឹងចាប់ផ្តើមទទួលការកក់ទុកមុននៅថ្ងៃទី ១៨ ខែសីហា។ រថយន្ដនេះនឹងត្រូវដាក់បង្ហាញជាផ្លូវការនៅក្នុងពិព័រណ៍ Chengdu Auto Show នៅចុងខែសីហានេះ។ រថយន្ត Shanhai L7 Plus ត្រូវបានរៀបចំឡើងជាយានយន្តគ្រួសារដ៏សម្បូរបែប ដែលផ្ដល់មកជាមួយជម្រើស ៥កៅអី និង ៧កៅអី។ រថយន្ត SUV ថ្មីនេះត្រូវបានគេរំពឹងថានឹងមានតម្លៃក្រោម ២០០ ០០០ យន់ ស្មើននិងប្រមាណ ២៨ ០០០ដុល្លារ។

រថយន្ត Jetour Shanhai L7 Plus មានការរចនាបែបថ្មីស្រឡាង ដោយផ្នែកខាងមុខត្រូវបានគ្របដណ្ដប់ដោយបន្ទះភ្លើងបន្តគ្នា ខណៈចង្កៀងមុខរាងជាអក្សរ “J” ដោយសំដៅទៅលើអក្សរ “J” នៅក្នុងឈ្មោះ Jetour។ នៅខាងក្រោម មានរន្ធខ្យល់រាងចតុកោណកែង ដើម្បីជួយសម្រួលដាក់ប្រព័ន្ធលំហូរខ្យល់កាន់តែល្អ។ ការរចនាផ្នែកខាងក្រោយលេងមកជាមួយបន្ទាត់ LED អូសកាត់ពេញទទឹងនិងស្ដុបរាងជាអក្សរ “T” ដោយសំដៅទៅលើអក្សរ “T” នៅក្នុងឈ្មោះ Jetour។

រថយន្ត Jetour Shanhai L7 Plus បំពាក់ដោយប្រព័ន្ធ (plug-in hybrid) ដំណើរដោយម៉ាស៊ីន ១.៥ រួមបញ្ចូលជាមួយនិងម៉ូទ័រអគ្គិសនី។ ចំពោះម៉ាស៊ីនចំហេះក្នុងអាចផលិតកម្លាំងអតិបរមាបាន ១១៥ kW (១៥៤ សេះ) ខណៈបូកបញ្ចូលជាមួយម៉ូទ័រអគ្គិសនីវាអាចផលិតកម្លាំងសរុបដល់ ២៦៥ kW (៣៥៥ សេះ) ជាមួយនឹងកម្លាំងបង្វិលជុំខ្ពស់បំផុត ៥៣០ Nm។ រថយន្ដនេះបំពាក់មកជាមួយអាគុយទំហំ ៣២.៦៥៩ kWh អាចបើកបានចម្ងាយ ១៦៧ គីឡូម៉ែត្រ ពេលប្រើថាមពលអគ្គិសនីសុទ្ធ តែប្រើអគ្គិសនីលាយសាំង អាចបើកបរបាន ១ ៧០០ គីឡូម៉ែត្រ។ សម្រាប់កម្រិតការសុីប្រេងឥន្ធនៈរថយន្ដនេះសុីប្រេងឥន្ធនៈ ៥.២៥ លីត្រ/១០០ គីឡូម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះទំហំវិញ រថយន្ត SUV នេះមានប្រវែង ៤ ៨១០ មីលីម៉ែត្រ ទទឹង ១ ៩៣០ មីលីម៉ែត្រ កម្ពស់ ១ ៧០៥ មីលីម៉ែត្រ និងប្រវែងគម្លាតកង់មុខក្រោយ ២ ៨២០ មីលីម៉ែត្រ។

នៅខាងផ្នែកខាងក្នុងបានបំពាក់មកជាមួយអេក្រង់បញ្ជាកណ្ដាលទំហំ ១៥.៦ អុីញ អាចបង្វិលឆ្លាតវៃទៅឆ្វេងស្ដាំបាន ១០ ដឺក្រេ។ ប្រព័ន្ធប្រត្ដិបត្ដិការខាងក្នុងរថយន្ដនេះ ដំណើរការដោយប្រព័ន្ធ AI ឆ្លាតវៃ Tour OS 3.0 រួមបញ្ចូលគំរូភាសាធំ សម្រាប់បញ្ជាដោយសំឡេង។ លើសពីនេះ រថយន្តនេះត្រូវបានគេរំពឹងថានឹងបំពាក់មកជាមួយ Speaker រហូតដល់ ១២ គ្រាប់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម