Dongfeng M-hero M817 បំពាក់មកជាមួយប្រព័ន្ធ Huawei ADS 4 ដាក់លក់ក្នុងតម្លៃជាង៤មុឺនដុល្លារ

ក្រុមហ៊ុន Dongfeng M-hero បានដាក់លក់រថយន្តប្រភេទ off-road របស់ខ្លួនគឺម៉ូឌែល M-hero M817 ផ្ដល់ជូនមកជាមួយមានពីរជម្រើសផ្សេងគ្នាជាមួយតម្លៃ ៤៤ ៥០០ ដុល្លារនិង៤៨ ៦០០ ដុល្លារ។ រថយន្ត M817 បានបំពាក់មកជាមួយប្រព័ន្ធគ្រប់គ្រងរបស់ក្រុមហ៊ុន Huawei រួមមានប្រព័ន្ធជំនួយការបើកបរ Qiankun Huawei ADS 4, HarmonyOS (Harmony Cockpit) 5 និងស្ថាបត្យកម្មរថយន្ត Tianyuan ។

ចំពោះរូបរាងផ្នែកខាងក្រៅរថយន្ដ Dongfeng M-hero M817 មានប្រវែងខ្លួនសរុប ៥ ១០០មម ទទឹង ១ ៩៩៨មម និងកម្ពស់ ១ ៩១៩មម។ សម្រាប់ការរចនាផ្នែកខាងក្នុងប្លង់បែប (២+៣) ៥កៅអី។ កាប៊ីនផ្នែកខាងក្នុងរថយន្តត្រូវបានរចនាយ៉ាងពិសេសដោយសង្កត់ធ្ងន់លើបន្ទាត់ត្រង់ ផ្ដេក និងបញ្ឈរ ជាមួយនឹងការតុបតែងលម្អដោយលោហៈ។

ខណៈផ្នែកខាងមុខបានបំពាក់មកជាមួយអេក្រង់កម្សាន្ដទំហំ ១៥.៦ អុីញដំណើរការដោយប្រព័ន្ធ HarmonyOS Cockpit 5 ដែលអាចភ្ជាប់ជាមួយទូរស័ព្ទស្មាតហ្វូន និងកម្មវិធីក្នុងរថយន្ត អាចចម្លងកម្មវិធី HarmonyOS ដើម្បីបន្តការប្រើប្រាស់យ៉ាងរលូន។ នៅផ្នែកខាងក្រោមអេក្រង់កម្សាន្ដមានប៊ូតុងមុខងារ ៩ ដែលជាប៊ូតុងសម្រាប់ចុចដោយផ្ទាល់លើមុខងារបញ្ជា។

បន្ថែមពីនៅលើដំបូលរថយន្តមានប៊ូតុងបញ្ជា ៦ ដែលមានរាងដូចកុងតាក់យន្តហោះ រួមបញ្ចូលជាមួយភ្លើងពិដាន។ កៅអីត្រូវបានស្រោបដោយស្បែក Nappa ហើយកៅអីខាងមុខមានមុខងារម៉ាស្សា កម្ដៅ និងខ្យល់ចេញចូល។ អ្វីកាន់តែពិសេសរថយន្ដនេះបានបំពាក់មកជាមួយកន្លែងដាក់ភេសជ្ជៈចំណុះ ៥.០៥ លីត្រ ត្រូវបានបំពាក់នៅក្រោមទ្រនាប់ដៃកណ្តាលនៅផ្នែកខាងមុខ ហើយមាននមុខងារត្រជាក់/ក្ដៅ។

រថយន្ត M817 ប្រើប្រព័ន្ធកូនកាត់ (plug-in hybrid) ដំណើរការដោយម៉ាស៊ីនចំហេះខាងក្នុងទំហំ ១.៥ កម្លាំងម៉ាស៊ីនអតិបរមាគឺ ១៣៧ គីឡូវ៉ាត់ (១៨៤ សេះ) និងម៉ូទ័រអគ្គិសនីពីរ អាចផលិតកម្លាំង ២០០គីឡូវ៉ាត់ (២៦៨ សេះ) និង ២០៥ គីឡូវ៉ាត់ (២៧៥ សេះ)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម
ផ្ទាំងផ្សាយពាណិជ្ជកម្ម