
ក្រុមហ៊ុន Nissan បានកែលម្អរថយន្តប្រភេទ Kei Car ម៉ូឌែល Roox របស់ខ្លួនសម្រាប់ជំនាន់ទី៤ ដោយបាននាំមកនូវរូបរាងដែលបានធ្វើបច្ចុប្បន្នភាព និងបន្ថែមមកជាមួយលក្ខណៈពិសេសថ្មីៗជាច្រើនទៀត។ ថ្វីត្បិតតែរថយន្ត Roox មានលក់តែនៅក្នុងប្រទេសជប៉ុនពិតមែន ប៉ុន្តែសម្រាប់រថយន្ដស៊េរីថ្មីនេះនឹងធ្វើឱ្យអ្នកចូលចិត្តរថយន្តប្រភេទ Kei Car ពីបរទេសមួយចំនួនប្រាថ្នាចង់បានវា ដោយសារតែការរចនាដ៏ស្រស់ស្អាតនិងជាមួយរូបរាងជ្រុងរបស់វា។
ដូចទៅនឹងរថយន្ត Kei Car ផ្សេងៗទៀត រថយន្តម៉ូឌែល Roox ថ្មីត្រូវបានរចនាឡើងដើម្បីផ្តល់កន្លែងទំនេរឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ដោយអនុលោមតាមបទប្បញ្ញត្តិក្នុងស្រុកសម្រាប់រថយន្តតូចៗទាំងនេះ។ ថ្វីត្បិតតែវាមានរូបរាងរួមស្រដៀងទៅនឹងម៉ូដែលចាស់ក៏ដោយ ក៏ក្រុមហ៊ុន Nissan បានរៀបចំផ្នែកខាងមុខរបស់រថយន្ត Roox ឡើងវិញទាំងស្រុងជាមួយនឹងភ្លើងខាងមុខថ្មី និងរបារភ្លើង LED ដែលរុំព័ទ្ធជុំវិញ។
ទោះបីជាតួរថយន្តផ្នែកខាងក្រៅមានលក្ខណៈថ្មីទាំងស្រុងក៏ដោយ ក៏រថយន្ត Roox នៅតែបន្តប្រើប្រាស់ទ្វាររុញខាងក្រោយ ដែលជាលក្ខណៈពិសេសជាក់ស្តែងដែលត្រូវបានបន្តពីម៉ូដែលមុន។
បន្ថែមពីនេះក្រុមហ៊ុន Nissan បានពង្រីកកាប៊ីនររបស់់ថយន្តនេះបន្ថែមចំនួន ៤,៥ អុីញ (១១៥ ម.ម) ដើម្បីធានាថាវាធំទូលាយគ្រប់គ្រាន់សម្រាប់មនុស្សពេញវ័យបួននាក់។ កៅអីខាងក្រោយដែលអាចរុញបានដល់ទៅ ១២,៥ អ៊ីញ (៣២០ ម.ម) បានជួយបង្កើនភាពងាយស្រួលក្នុងការប្រើប្រាស់ ចំណែកឯកន្លែងដាក់ឥវ៉ាន់ឥឡូវនេះអាចផ្ទុកវ៉ាលីចំណុះ ៤៨ លីត្របានរហូតដល់ទៅបួន។ លើសពីនេះ នេះគឺជាជំនាន់រថយន្ត Roox ដែលបំពាក់បច្ចេកវិទ្យាទំនើបបំផុតមិនធ្លាប់មានពីមុនមក។
កាប៊ីនរថយន្តនេះមានបំពាក់នូវអេក្រង់កម្សាន្ត infotainment ទំហំ ១២,៣ អ៊ីញ ដែលជាអេក្រង់ធំបំផុតដែលមិនធ្លាប់មានបំពាក់លើរថយន្ត Kei Car ពីក្រុមហ៊ុនផលិតណាមួយឡើយ។ លើសពីនេះ ក៏មានប្រព័ន្ធ Intelligent Around View Monitor ជាមួយនឹងមុខងារ Invisible Hood View ដែលផ្តល់ឱ្យអ្នកបើកបរនូវរូបភាពនិម្មិតឆ្លងកាត់ម៉ាស៊ីនរថយន្ត ធ្វើឱ្យការចាប់វត្ថុគ្រោះថ្នាក់កាន់តែងាយស្រួលជាងមុន។
អ្នកទិញនឹងមានជម្រើសក្នុងការជ្រើសរើសការតុបតែងលម្អរថយន្តជាច្រើនផងដែរ ដោយរថយន្តមានពណ៍សរុបចំនួន ១៧ ក្នុងនោះមានជម្រើសពណ៍ two-tone ចំនួន៦ និងពណ៌ធម្មតាចំនួន ៧ សម្រាប់ទាំងម៉ូឌែល Standard និងម៉ូដែល Highway STAR មានលក្ខណៈបែបស្ព័រ។
តម្លៃសម្រាប់រថយន្ត Roox ស៊េរីថ្មីនេះនឹងចាប់ផ្ដើមដាក់លក់ជាមួយតម្លៃចាប់ពី ១,៦ លានយ៉េន ឬស្មើនិងប្រមាណ ១០ ៧៦០ ដុល្លារ។ ថ្វីដ្បិតតែលក្ខណៈបច្ចេកទេសលម្អិតនឹងត្រូវប្រកាសឆាប់ៗនេះក្តី ប៉ុន្តែតាមការប៉ាន់ស្មាន វាទំនងជានៅតែរក្សាម៉ាស៊ីនចំណុះ ៦៥៨ សេសេ អាចផលិតកម្លាំងបាន ៥២ សេះ និងកម្លាំងបង្វិល ៦០ញូតុនម៉ែត្រ ដដែល៕