កម្ពុជានឹងមានធនធានមនុស្សលើផ្នែកមេកានិករថយន្ដបន្ថែម ទទួលការបណ្ដុះបណ្ដាលពីក្រុមហ៊ុន Toyota

ក្រុមហ៊ុនជប៉ុន Toyota នឹងបើកដំណើរការមជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេកទេស មានឈ្មោះជាភាសាអង់គ្លេស Toyota Academy ផ្ដោកលើជំនាញក្នុងវិស័យមេកានិកនិងយានយន្ត បន្ថែមជូនដល់ប្រជាជនកម្ពុជា។ ដូច្នេះនាខាងមុខកម្ពុជានឹងកាន់តែមានធនធានមនុស្សលើផ្នែកមេកានិករថយន្ដ ដែលទទួលបានការបណ្ដុះបណ្ដាលពីក្រុមហ៊ុន Toyota ផ្ទាល់។

Toyota's assembly plant plans to assemble more than 1,300 vehicles in Cambodia - Khmer Times

យោងតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្មការសម្រេចបើកមជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេកទេសគឺជាតបស្នង ដោយសាររាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តល់ការគាំទ្រនិងសម្របសម្រួលដល់ក្រុមហ៊ុនសម្រាប់ដំណើរការវិនិយោគ និងធុរកិច្ចរបស់ខ្លួននៅកម្ពុជា តួយ៉ាងការចុះបញ្ជីម៉ាក និងការស្នើសុំសិទ្ធផ្តាច់មុខ នេះបើយោងតាមការលើកឡើងរបស់លោក Harada Shigeru ជានាយកប្រត្តិបត្តិរបស់ក្រុមហ៊ុន Toyota Tsusho Co., LTD។

បន្ថែមពីនេះលោក Harada Shigeru បានបន្ថែមថាក្រុមហ៊ុនយកចិត្តទុកដាក់ខ្ពស់ចំពោះការបណ្តុះបណ្តាលធនធានមនុស្ស ជាក់ស្តែងក្រុមហ៊ុននឹងដាក់ឱ្យដំណើរការ Toyota Academy នៅដើមឆ្នាំ២០២៦ ដើម្បីជំរុញការអភិវឌ្ឍ ជំនាញក្នុងវិស័យមេកានិក និងយានយន្ត។ ដោយយោងតាមតម្រូវការបញ្ជាទិញខ្ពស់របស់អតិថិជន និងការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុននឹងពង្រីកខ្សែចង្វាក់ផលិតកម្មរបស់ខ្លួនបន្ថែមទៀតនាពេលខាងមុខនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
រូបភាព៖ក្រសួងពាណិជ្ជកម្ម

ជាឆ្លើយបតនិងអរគុណដល់ទឹកចិត្តដ៏ធំធេងក្នុងស្មារតីជួយកម្ពុជាបែបនេះ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម  បានថ្លែងអំណរគុណក្រុមហ៊ុន Toyota ដែលបានជ្រើសរើសមកបណ្តាក់ទុកវិនិយោគដំណើរការរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតានៅកម្ពុជា ដែលបានផ្តល់ឱកាសការងារជាច្រើនកន្លែងដល់ប្រជាជនកម្ពុជា ក៏ដូចជាការផ្ទេរបច្ចេកវិទ្យាជាដើម។ លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រថយន្ត Toyota មានភាពពេញនិយមខ្លាំងចំពោះប្រជាជនកម្ពុជា ដោយភាពល្បីល្បាញលើគុណភាព និងភាពធន់ ដែលផ្តល់ភាពជឿជាក់ដល់អ្នកបើកបរ។


គួរបញ្ជាក់ផងដែរថាជំនួបពិភាក្សារការងារនេះ បានធ្វើឡើងនាព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងអូសាកា ដោយមានវត្ដមានលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមទទួលទានអាហារការងារពេលព្រឹកជាមួយតំណាងក្រុមហ៊ុន Toyota Tsusho Corporation ដែលដឹកនាំដោយលោក Harada Shigeru, Division CEO ក្រុមហ៊ុន Toyota Tsusho Co., LTD (Japan) និងសហការី ព្រមទាំងតំណាងក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) ដែលមានវត្តមានអញ្ជើញចូលរួមដោយឯកឧត្តមរដ្ឋលេខាធិការអនុរដ្ឋលេខាធិការ និងឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន។

រូបភាព៖ក្រសួងពាណិជ្ជកម្ម

គួររំលឹកផងដែរកន្លងមក​ក្រុមហ៊ុន Toyota Tsusho Manufacturing Cambodia បាន​ចូល​រួម​ចំណែក​ជាមួយ​កម្ពុជា ដើម្បីអភិវឌ្ឍ​ធនធាន​មនុស្ស សេដ្ឋកិច្ចជាតិ តាម​រយៈ​ការ​បង្កើន​ការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​យានយន្ដ។ ជាក់​ស្ដែង​ក្នុង​ចង្វាក់​ផលិតកម្ម​ផ្គុំ និង​ដំឡើង​រថយន្ដ​ដែល​ក្រុមហ៊ុន​បាន​បោះ​ទុន​វិនិយោគ​សរុប ៣៦,៨លាន​ដុល្លារ​នេះ នឹង​ប្រើ​បុគ្គលិកជំនាញ​ចំនួន ១៥០​នាក់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម