
បន្ទាប់ពីមើលឃើញកំណើននៃទីផ្សាររថយន្ត Robotaxi ពីមួយឆ្នាំទៅមួយឆ្នាំ និងពេលអនាគត ពេលនេះ ក្រុមហ៊ុន Uber របស់សហរដ្ឋអាមេរិក និងក្រុមហ៊ុន Momenta របស់ប្រទេសចិន បានប្រកាសសហការគ្នាហើយ ដោយក្នុងនោះ ពួកគេនឹងដាក់ឲ្យដំណើរការនូវរថយន្ត Robotaxi នៅក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ក្នុងឆ្នាំ ២០២៦។
ក្នុងនោះ ការសាកល្បងនេះ គឺជាជំហានដ៏សំខាន់របស់ក្រុមហ៊ុន Momenta បន្ទាប់ពីការសម្រេចចិត្តចូលរកសុីនៅក្នុងទីផ្សារតំបន់អឺរ៉ុបជាលើកដំបូងរបស់ខ្លួន។
គួរឲដឹងថា ក្រុមហ៊ុន Momenta គឺជាក្រុមហ៊ុនបច្ចេកវិទ្យាខាងផ្នែក autonomous driving របស់ប្រទេសចិន ហើយត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៦ ខណៈនៅក្នុងពេលបច្ចុប្បន្ននេះ គឺកំពុងសហការគ្នាជាមួយក្រុមហ៊ុនផលិតរថយន្តធំៗជាច្រើនដូចជា Mercedes-Benz និង BMW ជាដើម។
គួរបញ្ជាក់ថា ប្រសិនបើការសាកល្បងនេះទទួលបានជោគជ័យ ក្រុមហ៊ុន Momenta និង Uber ផ្ទាល់ ក៏មានគម្រោងពង្រីកទីផ្សារបន្ថែមនៅក្នុងប្រទេសក្នុងតំបន់អឺរ៉ុបជាច្រើនផ្សេងៗទៀតផងដែរ ហើយវាក៏នឹងក្លាយជាភាពជោគជ័យដំបូងរបស់ក្រុមហ៊ុន Momenta បន្ទាប់ពីសៀងហៃផងដែរ៕