
បន្ទាប់ពីប្រកាសចេញលក់នូវជម្រើសអគ្គិសនីសុទ្ធរបស់ខ្លួនកាលពីពេលថ្មីនេះ នៅចុងឆ្នាំ២០២៥ នេះ ក្រុមហ៊ុន Xpeng នឹងធ្វើការប្រកាសបង្ហាញចេញជាផ្លូវការនូវរថយន្ត Xpeng X9 EREV របស់ខ្លួនហើយ ដោយក្នុងនោះ នឹងធ្វើឡើងនៅក្នុងប្រទេសចិន។
ក្នុងនោះ សម្រាប់រថយន្ត Xpeng X9 EREV នេះ គឺត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹងថ្មី SEPA 3.0 មានប្រវែង ៥ ៣១៦ ម.ម ទទឹង ១ ៩៨៨ ម.ម កម្ពស់ ១ ៧៨៥ ម.ម និងប្រវែងគម្លាតកង់ ៣ ១៦០ ម.ម ។
ទាក់ទងនឹងផ្នែកម៉ាសុីន និងថាមពល វាដំណើរការដោយបច្ចេកវិទ្យា EREV ផ្គួបជាមួយម៉ាសុីន 1.5T ផលិតកម្លាំងបាន ១៤៨ សេះ និងអាគុយទំហំ ៦៣,៣គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៥០គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ និងសរុប ១ ៦០០គីឡូម៉ែត្រ។ លើសពីនេះ ក៏គាំទ្រនូវការសាកល្បឿនលឿន 5C ផងដែរ ប៉ុន្តែសម្រាប់ម៉ូទ័រអគ្គិសនី ក៏ដូចជាព័ត៌មានលម្អិតផ្សេងៗទៀតវិញ មិនទាន់បង្ហាញព័ត៌មាននៅឡើយទេ។
ជាមួយគ្នានេះ សម្រាប់ការរចនារូបរាងផ្នែកខាងក្រៅវិញ ក៏ទំនងជានឹងរក្សាដូចគ្នានឹងម៉ូឌែល EV ផងដែរ ពោលគឺប្រើប្រាស់នូវការរចនាបែបយានអាវកាស (Starship) និងអនាគតដដែល៕