
រថយន្តភីកអាប់ធុនកណ្តាលដ៏ពេញនិយមរបស់ Toyota គឺម៉ូឌែល Hilux ជំនាន់ក្រោយ ស៊េរីឆ្នាំ២០២៦ ត្រូវបានរំពឹងថា នឹងបញ្ចេញជាផ្លូវការក្នុងអំឡុងខែវិច្ឆិកាខាងមុខនេះ ដោយមកជាមួយការផ្លាស់ប្តូរធំៗជាច្រើន ដែលនឹងអាចក្លាយជាគូប្រជែងរបស់ Ford Ranger, BYD Shark 6 និង Isuzu D-max។
តាមឯកសារលេចធ្លាយមួយដែលក្រុមហ៊ុនជប៉ុន Toyota បានបញ្ចូនទៅឱ្យអាជ្ញាធរអូស្ត្រាលី បង្ហាញថា ភីកអាប់ Hilux ជំនាន់ថ្មី នឹងប្រើម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨លីត្រ បំពាក់បច្ចេកវិទ្យា 48 volt mild hybrid ផលិតបានកម្លាំង ២០១សេះ និងកម្លាំងរមួល ៥០០ញូវតុនម៉ែត្រ។ វាមានន័យថា Toyota នឹងទម្លាក់ម៉ាស៊ីនសាំង ២,៧លីត្រ និងម៉ាស៊ីនម៉ាស៊ូតទាក់បូ ២,៤លីត្រចោលហើយ សម្រាប់ស៊េរីថ្មីនេះ។
Toyota Hilux ជំនាន់ថ្មី នឹងបំពាក់មកជាមួយប្រព័ន្ធប៉ុង RWD និង 4WD តែម្តង។ គេក៏រំពឹងដែរថា ភីកអាប់នេះ នឹងមានការរចនារូបរាងថ្មីទាំងស្រុង ហើយក្នុងផ្នែកកាបីន នឹងកាន់តែទំនើបជាងស៊េរីមុនៗ ជាពិសេសគឺកុងទ័រឌីជីថល និងអេក្រង់កម្សាន្តថាច់ស្រ្គីន៕