មិនមែនជាលើកទី ២ ឬ ៣! តែនេះគឺជាការធ្លាក់ចុះប្រចាំត្រីមាសដំបូងរបស់ម៉ាកយីហោ BYD ចាប់តាំងពីឆ្នាំ ២០២០

បន្ទាប់ពីជួបប្រទះនឹងបញ្ហាជាច្រើនទាក់ទងនឹងចំនួនលក់ធ្លាក់ចុះ ក៏ដូចជាសង្គ្រាមតម្លៃ គិតក្នុងខែកញ្ញាមុននេះ ក្រុមហ៊ុន BYD Group ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី និងហាយប្រ៊ីដដ៏ធំបំផុតរបស់ប្រទេសចិន បានប្រកាសអំពីលទ្ធផលនៃលក់របស់ខ្លួនក្នុងខែកញ្ញាហើយ ដោយក្នុងនោះ ការលក់រថយន្តសរុបរបស់ BYD Group បានធ្លាក់ចុះដល់ទៅ ៥,៩% ឯណ្ណោះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំមុន ពោលគឺមានចំនួនត្រឹមតែ ៣៩៣ ០៦០ គ្រឿងប៉ុណ្ណោះ។

ក្នុងនោះ ក្នុងចំណោមរថយន្តម៉ាក BYD ផ្ទាល់ គឺបានធ្លាក់ចុះដល់ទៅ ១១,៤% ឯណ្ណោះ ពោលគឺមានចំនួនតែ ៣៥៥ ៧៧៤គ្រឿងប៉ុណ្ណោះ។ ខណៈកត្តាដែលបណ្តាលឲ្យមានការធ្លាក់ចុះនេះ គឺដោយសារតែការប្រកួតតម្លៃកាន់តែខ្លាំងនៅក្នុងទីផ្សារចិន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រៅពីនេះ មួយក្នុងចំណោមកត្តាសំខាន់ៗផ្សេងទៀតនៃការធ្លាក់ចុះនេះ គឺដោយសារតែការលក់រថយន្ត PHEV (Plug-in Hybrid Vehicles) មានការធ្លាក់ចុះចំនួនដល់ទៅ ២៥,៦% ឯណ្ណោះ ពោលគឺមានចំនួនត្រឹមតែ ១៨៨ ០១០គ្រឿងប៉ុណ្ណោះ ហើយនេះក៏ជាការធ្លាក់ចុះរយៈពេល ៦ ខែជាប់ៗគ្នាចាប់តាំងពីខែមេសាផងដែរ។

ជាមួយគ្នានេះ បើទោះបីជាការលក់រថយន្តសរុប និង PHEV មានការធ្លាក់ចុះក៏ដោយ ក៏ប៉ុន្តែការលក់រថយន្តអគ្គិសនី BEV វិញ ក៏នៅតែមានការកើនឡើងជាធម្មតាចំនួន ២៤,៣% ដែលស្មើនឹងចំនួន ២០៥ ០៥០គ្រឿងផងដែរ។ ខណៈការនាំចេញទៀតសោត ក៏មានការកើនឡើង ១១៥,៨% ដែលស្មើនឹងចំនួន ៧១ ២៥៦គ្រឿងផងដែរ នេះបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំមុន។

ចំណែកម៉ាកយីហោផ្សេងៗដូចជា Fang Cheng Bao ក៏មានការកើនឡើង ៣៤៥%, Denza ២០,៥% និង Yangwang ១៤៥% ពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។

ជារួម សម្រាប់ត្រីមាសទី ៣ នៃឆ្នាំ២០២៥ ក្រុមហ៊ុន BYD Group លក់រថយន្តសរុបបានចំនួន ១ ១០៥ ៥៩១គ្រឿង ធ្លាក់ចុះ ២,១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំមុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម