ក្នុងរយៈពេលចុងក្រោយនេះ ក្រុមហ៊ុនរថយន្តចិន ដែលកន្លងមកបញ្ចេញលក់តែរថយន្តអគ្គិសនីនោះ ក៏ស្រាប់តែងាកមកបង្កើនការផលិតរថយន្ត PHEV វិញ ដែលអាចសាកភ្លើងផង និងចាក់សាំងផង។

សម្រាប់ទីផ្សារប្រទេសចិន ថ្វីបើជាអ្នកនាំមុខគេលើការប្រើប្រាស់រថយន្តអគ្គិសនីសុទ្ធក៏ដោយ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធ EV នៅតែមិនទាន់អាចឆ្លើយតបបានគ្រប់គ្រាន់នៅឡើយ។ ក្នុងប្រទេសចិន រថយន្ត PHEV ទទួលបានអត្ថប្រយោជន៍ការលើកលែងពន្ធដូច EV ដែលធ្វើឲ្យវាមានតម្លៃធូរថ្លៃផងដែរ។ បន្ថែមលើសនេះ អ្នកប្រើប្រាស់ ក៏មិនចាំបាច់បារម្ភលើការធ្វើដំណើរវែងឆ្ងាយនោះទេ ពោលគឺមិនខ្វល់ថា មានកន្លែងសាកភ្លើងឬអត់នោះទេ។
សម្រាប់ទីផ្សារបរទេសវិញ ជាពិសេសនៅអឺរ៉ុប និងអាមេរិកខាងជើង បណ្តាក្រុមហ៊ុនចិន កំពុងផ្តោតលើការនាំចេញរថយន្ត PHEV ជំនួសវិញ ដើម្បីកាត់បន្ថយផលប៉ះពាល់ ព្រោះថាប្រទេសទាំងនោះ បានដាក់កំហិតពន្ធខ្ពស់លើរថយន្តអគ្គិសនីសុទ្ធរបស់ចិន។

ជាមួយគ្នានេះ ការនាំចេញរថយន្ត PHEV ទៅកាន់បណ្តាប្រទេសកំពុងអភិវឌ្ឍ ក៏ជាយុទ្ធសាស្រ្តមួយផងដែរ ដោយសារតែប្រទេសទាំងនោះ នៅខ្វះខាតស្ថានីយសាកភ្លើង។ រថយន្ត PHEV របស់ចិន មានតម្លៃធូរថ្លៃ ប៉ុន្តែបំពាក់បច្ចេកវិទ្យាទំនើប ជាពិសេស មានចម្ងាយបើកបរបានឆ្ងាយជាងពេលរត់លើអគ្គិសនីសុទ្ធ បើប្រៀបធៀបនឹងរថយន្តជប៉ុន និងអឺរ៉ុបដែលមានតម្លៃថ្លៃ៕



















