
នៅថ្ងៃទី២០ ខែតុលានេះ ក្រុមហ៊ុន XPENG បានប្រកាសជាផ្លូវការក្នុងការបញ្ចេញរថយន្តនៅកម្ពុជា រាប់ចាប់ពីម៉ូឌែល X9 MPV, G6, G7, G9 SUVs រហូតដល់ P7+ និង MONA MO3។
XPENG ក៏បានបញ្ជាក់ពីការបើកជំពូកថ្មីនៃបច្ចេកវិទ្យាសាកភ្លើងសម្រាប់រថយន្តអគ្គិសនីកម្លាំង 800V ដ៏ជឿនលឿនរបស់ខ្លួននៅក្នុងប្រទេសនេះផងដែរ។
គួរដឹងថា កម្ពុជា ស្ថិតក្នុងចំណោមប្រទេសអាស៊ាន៥ នៃគម្រោងបណ្តាញសាកភ្លើង EV តាមបណ្តោយផ្លូវហាយវេដែលមានប្រវែងសរុប ៥០០០គីឡូម៉ែត្រ ក្រោមកិច្ចសហប្រតិបត្តិការរវាង XPENG និងក្រុមហ៊ុន Charge+។
ប្រទេសអាស៊ាន ៥ ដែលស្ថិតនៅតាមបណ្តោយបណ្តាញសាកភ្លើង EV របស់ក្រុមហ៊ុនទាំង២នេះ រួមមាន សិង្ហបុរី ម៉ាឡេស៊ី ថៃ កម្ពុជា និងវៀតណាម ដែលអាចឲ្យសាកភ្លើងរថយន្ត XPENG ពី ១០% ទៅ ៨០% ចំណាយពេលត្រឹមតែ ១២នាទីប៉ុណ្ណោះ។ គម្រោងនេះ ធ្វើឡើងជាពិសេសសំដៅដល់អ្នកប្រើប្រាស់ EV ដែលធ្វើដំណើរឆ្លងកាត់ព្រំដែន៕